រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោសហកាជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិនីហ្សេរីយ៉ាចំនួន២នាក់ រួមជាមួយនឹងស្ត្រីជាជនជាតិខ្មែរម្នាក់ផងដែរ ក្រោយពីជនសង្ស័យទាំង៣នាក់នេះធ្វើសកម្មភាពឆបោកប្រាក់ពីបុរសជនជាតិខ្មែរម្នាក់យកលុយ១ម៉ឺនដុល្លារ។
ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បានធ្វើឡើងកាលពីវេលាព្រលប់រហូតដល់វេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរៈសេនីយ៍ឯកជឹម ស៊ីថា អធិការខណ្ឌដង្កោបាន ឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនទាំង៤នាក់ខាងលើនោះរួមមាន ១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ។
ចំណែកវត្ថុតាងដែលនគរបាលដកហូតបានរួមមាន កុំព្យួទ័រចំនួន៣គ្រឿង, ម៉ូតូចំនួន៣គ្រឿង, លិខិតឆ្លងដែនចំនួន៤ក្បាល និងស៊ីមកាតគ្រប់ប្រពន្ធ័មួយចំនួនធំ។
លោកអធិការ បញ្ជាក់ថា ការបោកប្រាស់នេះពួកគេប្រើប្រើល្បិចថា រើសបានប្រអប់១ក្រោមដើមឈើ ហើយនៅក្នុងប្រអប់នោះមានប្រាក់ជាង៣លានដុល្លារ ហើយពួកខ្លួនចង់យកលុយនោះមកវិនិយោគនៅស្រុកខ្មែរ និងពឹងឲ្យជនរងគ្រោះជាអ្នកទទួលកាន់លុយទាំងអស់នោះ៕ ត្នោត