ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា ឆ្នាំនេះជំងឺគ្រុនឈាមមានលក្ខណៈធូរស្រាលជាងឆ្នាំកន្លងទៅ។
គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ ករណីជំងឺគ្រុនឈាមមានតែចំនួន ៣៣៣៩នាក់ និងមានអ្នកស្លាប់តែ ៤នាក់ប៉ុណ្ណោះ ហើយបើធៀបឆ្នាំ២០២០ និងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានករណីជំងឺគ្រុនឈាមច្រើនជាង ដោយសរុបដល់ទៅ ២៨ ២៨៥នាក់ មានអ្នកស្លាប់ចំនួន ៣២នាក់ឯណោះ។
ក្រសួងសុខាភិបាលប្រកាសឲ្យទៀតថា ខេត្ត/ក្រុងមានជំងឺគ្រុនឈាមនៅឆ្នាំនេះ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ខណៈ ក្រសួងបានគ្រប់គ្រងស្ថានការណ៍ជំងឺគ្រុនឈាមយ៉ាងល្អប្រសើរនាពេលនេះ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺនេះ នៅតែជាកាតព្វកិច្ចពលរដ្ឋម្នាក់ៗ។
ជាមួយគ្នានេះ ក្រសួងក៏បន្តអំពាវនាវឲ្យពលរដ្ឋធ្វើអនាម័យ រក្សាបរិស្ថានស្អាត បំបាត់សំបុកមូសខ្លា ដូចជាដាក់ថ្នាំអាបែតក្នុងទឹកជាដើម៕ ដោយ៖ ត្នោត