រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដានេះ UNDP បានផ្តល់ជូន ថាប្លេត (tablets) ចំនួន១៧០០ គ្រឿង ដល់ក្រសួងផែនការ ដើម្បីចែកជូនឃុំ/សង្កាត់ សម្រាប់ធ្វើការប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
ថ្លែងក្នុងពិធីប្រគល់ទទួល ថាប្លេត នោះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា គ្រួសារខ្លះ អវត្តមានពេលសម្ភាសន៍កន្លងមក ឬគ្រួសារខ្លះទៀតធ្លាក់ចូលក្នុងភាពក្រីក្រ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងធ្វើអន្តរាគមន៍ ជាពិសេសធ្វើយ៉ាងណា ដើម្បីទទួលបានបណ្ណសមធម៌ សម្រាប់ទទួលបានសេវាផ្សេងៗ ដូចគ្រួសារក្រីក្រផ្សេងៗទៀតដែរ គឺមានន័យថា មិនទុកនរណាម្នាក់ចោលនោះទេ ដូចនេះការប្រមូលទិន្នន័យ ដោយប្រើប្រាស់ថាប្លេតជាការចាំបាច់បំផុត ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា វឌ្ឍនភាពជាក់ស្តែងបង្ហាញថា «ថាប្លេត» ១គ្រឿង របស់ឃុំ-សង្កាត់ ប្រើកម្មវិធីចំនួន៣ ៖ ទី១-ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ។ ទី២-កម្មវិធីចុះឈ្មោះឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និង ទី៣-ការចុះឈ្មោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមិនអាចគាំទ្រការងារបានទាន់ពេលវេលា ។ ផ្តើមចេញពីបញ្ហាលំបាកនេះ ក្រសួងផែនការបានធ្វើការទំនាក់ទំនងស្នើសុំថាប្លេត ចំនួន១ ៧០០គ្រឿង ពីអង្គការ UNDP ។
គួរបញ្ជាក់ផងដែរថា ការប្រគល់ថាប្លេត ត្រូវបានធ្វើឡើងក្រោមការអញ្ជើញចូលរួមពីលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំប្រទេសកម្ពុជា ឯកឧត្តម Luke Arnold ឯកអគ្គរាជទូតរងអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោក Nick Boresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា៕ ត្នោត