រាជធានីភ្នំពេញ៖ ក្នុងពេលថ្មីនេះ មានក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍ លើការអភិវឌ្ឍបន្លែសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ មកដល់ថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រុមហ៊ុនទាំងនោះ ក៏សម្រេចចងមេត្រីជាមួយកម្ពុជាដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការផងដែរ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការចុះអនុស្សរណរវាងភាគីកម្ពុជា និងជប៉ុននាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ: របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ ផលិតកម្មបន្លែកម្ពុជា ឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ និងការចាប់យកកាលានុវត្តភាព ។
លោករដ្ឋមន្ត្រីបានបន្តថា « ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី «កសិករ ទៅជាកសិ-ពាណិជ្ជករ» វិញ។
លោកបណ្ឌិត Nabeshima តំណាងឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានអោយដឹងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែន ការនេះ ។
សូមជម្រាបថា គោលបំណងសំខាន់ៗ នៃឯកសារអនុស្សរណនោះមាន ទី១ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទី២ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
ទី៣ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ ។ទី៤ លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ ) និងការប្រើប្រាស់ធាតុចូល ៕ ត្នោត