សម្តេចតេជោ ៖ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងធ្វើទានសន្សំកុសល
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងក្នុងការធ្វើបុណ្យទានសន្សំកុសល ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា ៖«ថ្ងៃទី១០ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ។
នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា» ។
សម្តេចបន្តថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។ ជាមួយគ្នានោះដែរ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ ។
សម្តេចក៏សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើនដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ។
សម្តេចតេជោបញ្ជាក់ថា ៖« កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ» ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព