ខេត្តព្រះសីហនុ ៖ ក្រុមជនក្លែងបន្លំជានគរបាលចំនួន៥នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៨ កញ្ញា វេលាម៉ោង១១ព្រឹក ខណៈទទួលបានពាក្យបណ្ដឹងពីជនជាតិចិនម្នាក់ ភេទប្រុស បានប្ដឹងថា នៅថ្ងៃទី៦ កញ្ញា ២០២០ វេលាម៉ោង២៣និង៣០នាទី មានបុរស១ក្រុមជាជនជាតិខ្មែរមានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិលជិះរថយន្ត១គ្រឿង ប្រភេទPICK UP ពណ៌ស និងម៉ូតូ២គ្រឿង បានអះអាងថា ជាសមត្ថកិច្ចប៉ូលិសបានធ្វើសកម្មភាពកាក់រថយន្តរបស់ខ្លួន ជាជនជាតិចិន១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ២C-៩២៩១ ក្នុងខណៈពេលដែលខ្លួនកំពុងធ្វើដំណើរតាមផ្លូវ ទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមបណ្ដឹងថា ក្រុមជនទាំងនោះបានឆែកឆេរក្នុងរថយន្តរបស់ខ្លួន ហើយបានទម្លាក់គ្រឿងញៀន១កញ្ចប់នៅក្នុងរថយន្ត ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់គាត់ រួចគំរាមទារប្រាក់ចំនួន៤.០០០$ (បួនពាន់ដុល្លារអាមេរិក) បើមិនព្រមឲ្យទេ ក្រុមជនសង្ស័យទាំងនោះគំរាមចាប់យកទៅប៉ុស្តិ៍ប៉ូលិស ។ ដោយមានការភ័យខ្លាច ជនរងគ្រោះជាជនជាតិចិន បានទូរស័ព្ទទៅប្រពន្ធឲ្យដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២.៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់ (ក្នុងនោះមានជន ជាតិចិន១នាក់) នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៨ កញ្ញា ២០២០ ។ ជនរងគ្រោះក្នុងករណីនេះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ បាត់បង់លុយ២.៣០០$(ពីរពាន់បីរយដុល្លារអាមេរិក) ។
ចំណែកជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មានកម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ ចិន ប៊ុនធឿន ហៅរាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន អ្នករត់តាក់ស៊ី កាន់លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
នេះជាករណីដំបូង ដែលកើតមានដោយជនល្មើសជាជនជាតិខ្មែរ បានធ្វើសកម្មភាពជំរិតលុយពីជនជាតិចិន ។ អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះ គឺក្រុមអ្នកកាសែតត្បាញអាយ រហូតដល់៤នាក់បានចូលរួមដែលគេនិយាយថា នៅសុខៗចេះរកគុកឃើញ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព