ស្រូតៗបងប្អូន! ការផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញនឹងត្រូវបញ្ជប់ចុងខែនេះហើយ
រាជធានីភ្នំពេញ ៖ នៅសល់ត្រឹមតែ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ ។
ការផ្ទេរកម្មសិទ្ធិយានយន្តរកម្ចាស់ដើមមិនឃើញ គឺជារឿងចាំបាច់ ដើម្បីជៀសវាងនូវបញ្ហាណាមួយដែលនឹងកើតឡើងក្នុងការមិនបានទៅផ្ទេរកម្មសិទ្ធយានយន្តក្រសួងបានធ្លាប់បានពន្យាពេលច្រើនលើកមកហើយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀតពីសេចក្តីណែនាំ «ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ» ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។
អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា ។ ចំពោះឯកសារតម្រូវ ៖ – ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់ (តួ ឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត – បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត) – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ– អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) – បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត – លិខិតទិញលក់ – កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។ ទីតាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព