កូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា ព្យុះទីហ្វុងដែលវាយប្រហារប្រទេសកូរ៉េខាងជើង បានបំផ្លាញស្ពានជិត ៦០កន្លែង និងបំផ្លាញផ្ទះជាង ២,០០០ខ្នង ដោយមេដឹកនាំគីមជុងអ៊ុនបាននិយាយថា ការខូចខាតបានបង្អាក់ផែនការចម្បងសម្រាប់រយៈពេលពេញមួយឆ្នាំ។ព្យុះទីហ្វុងម៉ៃសាក់ បាននាំមកនូវជំនន់ទឹកភ្លៀងជាច្រើនថ្ងៃនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង កាលពីសប្តាហ៍មុន ដែលធ្វើឱ្យមានទឹកជំនន់។ ទឹកមិនទាន់ស្រកអស់ផង នៅពេលសប្តាហ៍នេះស្រាប់តែត្រូវរងគ្រោះនឹងព្យុះទីហ្វុងហៃសិន ម្តងទៀត។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបាននិយាយថា ព្យុះទីហ្វុងម៉ៃសាក់ បានបំផ្លាញផ្ទះចំនួនជាង ២,០០០ខ្នង និងអគារសាធារណៈរាប់ពាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលផ្លូវប្រវែង ៦០គីឡូម៉ែត្រ និងស្ពាន៥៩កន្លែង បានដួលរលំ ខណៈដែលផ្លូវដែកប្រវែងជាង ៣,៥០០ម៉ែត្របានលិចបាត់។
គ្រោះមហន្តរាយធម្មជាតិច្រើនតែមានឥទ្ធិពលខ្លាំងនៅភាគខាងជើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ហើយប្រទេសនេះងាយនឹងរងការជន់លិចដោយសារភ្នំនិងកូនភ្នំជាច្រើនត្រូវបានបំផ្លាញជាយូរមកហើយ។
យោងតាម KCNA បានឱ្យដឹងថា ការខូចខាតបានបង្ខំឱ្យអាជ្ញាធរផ្លាស់ប្តូរទិសដៅនៃការតស៊ូរបស់ពួកគេ បន្ទាប់ពីពិចារណាឱ្យបានច្បាស់ពីការងារនៅចុងឆ្នាំដែលកំពុងដំណើរការ។ គេមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ទេ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព