
រឿង ស៊ុន សុដាលីកា ត្រូវបណ្តេញចេញពីក្រុម OMG ពេលនេះឪពុកនាងចេញមុខបកស្រាយជាសាធារណៈ
ភ្នំពេញ ៖ ឪពុកបង្កើតស្រីស្អាតពូកែរាំ សមាជិកក្រុមរាំ OMG បានចេញមុខបកស្រាយមតិរិះគន់ទាក់ទងពាក្យចចាមអារ៉ាម ដែលនិយាយថាកូនខ្លួនត្រូវគេបណ្តេញចេញពីក្រុម ក្រោយសាធារណជនលែងឃើញវត្តមាននាងនៅក្នុងក្រុមមួយរយៈចុងក្រោយនេះ។
លោក តែ ស៊ុនណាង ដែលជាឪពុកបង្កើតរបស់ស្រីស្អាតខាងលើ ថ្មីៗនេះ បានចេញមុខច្រានចោលនៅព័ត៌មាន មេក្រុម OMG បណ្តោញកូនស្រីខ្លួនចេញពីក្រុម ដោយអះអាងជារឿងពិត អ្វីដែលជាការពិតពាក់ព័ន្ធអវត្តមានរបស់នាងក្នុងក្រុម គឺដោយសារនាងកំពុងមានបញ្ហាសុខភាព និងសម្រាកព្យាបាល។ លោកថា « តាមពិតខ្ញុំមិនចង់លូកដៃ និងបកស្រាយអ្វីច្រើន តែវាបានប៉ះពាល់ដល់កិត្តិយកូនស្រីខ្ញុំ ក្នុងនាមខ្ញុំជាឪពុក ខ្ញុំនឹងបកស្រាយកុំឲ្យពួកគាត់មានការយល់ច្រឡំមកលើកូនស្រីខ្ញុំតទៅទៀត”។
លោកបញ្ជាក់ថា «បើប្អូនៗមិនដឹងអំពីមូលហេតុអ្វីច្បាស់ពីកូនស្រីខ្ញុំ សូមមេត្តាប្អូនៗ និងមិត្តៗទាំងអស់ទុកអោយកូនស្រីខ្ញុំបានព្យាបាលជំងឺដោយស្ងប់ស្ងាត់ផង គាត់ និងប្រឡូកក្នុងវិស័យសិល្បៈ និងទៅជួបប្រិយមិត្តរបស់គាត់វិញ នៅពេលណាគាត់បានជាស្បើយល្អប្រសើរឡើងវិញ តែប្រើក្នុងរយៈពេលយូរ» ។
គួរបញ្ជាក់ថា ស្រីស្អាតលីកា បានប្រកាសប្រាប់មហាជនដែលជាអ្នកគាំទ្ររបស់នាងរួចមកហើយ កាលពីខែឧសភាកន្លងទៅ ដែលថានឹងមិនមានវត្តមាននៅក្នុងក្រុម ពីព្រោះតែរូបនាងមានជំងឺឆ្អឹងខ្នង ហើយធ្វើការវះកាត់ទទួលបានជោគជ័យរួចមកហើយ គ្រាន់តែពេលនេះត្រូវការពេលវេលាមួយរយៈពេលវែង ដើម្បីឲ្យស្ថានភាពជំងឺប្រសើរឡើងវិញតែប៉ុណ្ណោះ៕ ដោយ៖ ត្នោត