នៅថ្ងៃពុធនេះរដ្ឋាភិបាលបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ ដែលជាអ្នកផលិតខ្សែភាពយន្តជប៉ុនហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ធ្វើឱ្យចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣ ៤៤៧ នាក់។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានមានប្រសាសន៍ថា អ្នកជំងឺថ្មីជាបុរសអាយុ ៣៨ ឆ្នាំ មកពីប្រទេសជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃចន្ទ។ មជ្ឈមណ្ឌល CCSA បានបន្ថែមថា ក្នុងចំណោមជនជាតិថៃត្រឡប់មកពីប្រទេសជប៉ុនចំនួន ៣ ៣៧៥ នាក់មានអត្រាឆ្លងជំងឺចំនួន ១.៥៧% ។ គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤៤៧ នាក់ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ២៨៦ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៣ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២៧.៧៣ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩០១ ៨៣៣ នាក់។
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.៥១ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៩៤ ០៣២ នាក់។ ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ២ ដែលមានអ្នកឆ្លងសរុបចំនួន ៤.៣៧ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៧៣ ៩២៣ នាក់។ ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី ៣ ដែលមានអ្នកឆ្លងសរុបចំនួន ៤.១៦ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ១២៧ ៥១៧ នាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២២ ក្នុងចំណោមប្រទេសដែលបានឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post