រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១៤ កក្តដា ឆ្នាំ២០២០នេះ បានស្នើឱ្យក្រសួងមហាផ្ទៃ ធ្វើការត្រួតពិនិត្យ លើករណីក្លែងបន្លំឯកសារចុះបញ្ជី តាមប្រព័ន្ធអនឡាញ។
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា លោកបានស្នើសុំការគាំទ្រ ពីសម្ដេចក្រឡាហោម ដើម្បីពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណ របស់ក្រសួងមហាផ្ទៃ។ “ការស្នើសុំភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរ គឺដើម្បីបញ្ចៀសការក្លែងបន្លំឯកសារ ខណៈពេល មានការស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណ ដើម្បីបានស្លាកលេខភ្នំពេញ ក៏កើតមានការក្លែងបន្លំឯកសារ ហើយមន្ត្រីក៏ជួបផលលំបាក ដោយសារគ្មានទិន្នន័យដើមផ្ទៀងផ្ទាត់”។
ឆ្លើយតបជាវិធានការនៅក្នុងរឿងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នា រៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារផងដែរ៕ ដោយ៖ ត្នោត