តារាចម្រៀងសញ្ជាតិកាណាដា Justin Bieber បានពន្យល់មូលហេតុ នាំឱ្យបទ «Dynamite» របស់ក្រុម BTS ទទួលជោគជ័យ ខណៈតារាប្រុសរូបនេះ បានប្រាប់សារព័ត៌មាន E! News ថា “អ្នកចេះរបៀបសាងឈ្មោះឱ្យមានក្នុងប្រវត្តិសាស្ត្រ គឺក្រុម BTS ដោយក្រុមចម្រៀងកូរ៉េនេះ បានបង្កើតកំណត់ត្រាជាច្រើនក្នុងវិស័យចម្រៀងទូទាំងពិភពលោក”។
នៅក្នុងវីដេអូផ្ដល់បទសម្ភាសន៍រយៈពេល ២នាទី Justin បានប្រាប់ពីជោគជ័យមួយចំនួនរបស់ BTS ទទួលបានរយៈពេលច្រើនឆ្នាំកន្លងមកនេះ និងប្រាប់ជោគជ័យរបស់ពួកគេជាមួយបទ «Dynamite» ដែរ ។
តារាប្រុសពោរពេញដោយរឿងអាស្រូវនេះ បញ្ជាក់ថា ក្រុមចម្រៀងប្រុសកូរ៉េមួយនេះ បានចេញបទចម្រៀងជាភាសាអង់គ្លេសទាំងអស់ និងលេចមុខក្នុងស្ថានីយ៍វិទ្យុ និងកម្មវិធីធំៗនៅសហរដ្ឋអាមេរិកច្រើនដង។
Justin Bieber បន្តដែរថា ក្រុម BTS នៅតែរក្សាជំហរលើគោលការណ៍របស់ខ្លួន ខណៈក្រុមនេះ ធ្លាប់លើកឡើង ភាសាកូរ៉េជាផ្នែកមួយបញ្ជាក់ ពីអត្តសញ្ញាណរបស់ពួកគេ ប្រហែលមិនចេញបទចម្រៀងជាភាសាអង់គ្លេសច្រើនទេ។
ជាមួយការបញ្ចេញមតិរបស់ Justin ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត ព្រោះពួកគេដឹង ថា Jungkook ក៏ជាអ្នកគាំទ្ររបស់ Justin Bieber ដែរ៕ ដោយ៖ ឧស្សាហ៍
សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖