ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរប៉ុស្តិ៍ទួលសង្កែ២ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងបណ្ដាលឱ្យអ្នកបើកបរបាក់កស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង ។
ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងឆ្វេងរថយន្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ផេងភាព