អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញឱ្យកងពលទាហាន ត្រូវបង្កើនស្មារតីនៅក្នុងការហ្វឹកហ្វឺន ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាពរឹងមាំ ក្នុងការចូលរួមបំរើជាតិមាតុភូមិ។
បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងឱ្យដឹងថា ការហ្វឹកហ្វឺនកងពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុត ដែលធ្វើឱ្យកងទ័ពមានសមត្ថភាពខ្លាំង អាចការពារជាតិមាតុភូមិ បានយូរអង្វែងទៅមុខទៀត។
ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរ គឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។” នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯង នៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង”។
ដើម្បីឱ្យការហ្វឹកហ្វឺនទទួលបានជោគជ័យ គឺត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជាមួយនឹងគ្រូដែលមានជំនាញ ព្រមទាំងមានសមត្ថភាពខ្ពស់ នៅក្នុងតម្រង់ទិសដល់ពលទាហានផងដែរ។ “យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ ទីមួយគឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិ តាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋាន ក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិ៕ ដោយ៖ ត្នោត