ប្រេស៊ីល៖ ប្រទេសប្រេស៊ីលបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួនជាង ២៦០ ០០០ ករណីនៅក្នុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមប្រភពព័ត៌មាន CNN ដែលបានដកស្រង់តួលេខប្រចាំថ្ងៃចេញផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល។
ក្នុងរយៈពេល ៧ថ្ងៃកន្លងមក ប្រេស៊ីលបានកត់ត្រាករណីឆ្លងកូវីដ១៩ ថ្មីចំនួន ២៦១ ៦៨៣នាក់។ កាលពីថ្ងៃច័ន្ទ ក្រសួងបានកត់ត្រាការ ការកើនឡើងជារៀងរាល់ថ្ងៃចំនួន ២០ ២៨៦ករណី ដែលនាំឱ្យចំនួនករណីសរុបដែលបានបញ្ជាក់នៅទូទាំងប្រទេស កើនឡើងដល់ ១ ៨៨៤ ៩៦៧នាក់។
ក្រសួងក៏បានដាក់បញ្ចូលបន្ថែម ករណីបាត់បង់ជីវិតដោយសារកូវីដ១៩ថ្មី ចំនួន ៧៣៣នាក់ កាលពីថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតទូទាំងប្រទេសនៅប្រេស៊ីលឡើងដល់ ៧២ ៨៣៣នាក់។
ក្នុងចំណោមករណីថ្មីដែលត្រូវបានកត់ត្រាក្នុងសប្តាហ៍មុន គឺប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏ត្រូវបានគេរាប់បញ្ចូលផងដែរ ក្រោយពីលោកត្រូវបានគេរកឃើញថា មានជំងឺកូវីដ១៩នេះដែរ។
វេជ្ជបណ្ឌិតផ្លូវការសម្រាប់ប្រធានាធិបតី បានប្រាប់សារព័ត៌មាន CNN ប្រេស៊ីល កាលពីថ្ងៃច័ន្ទថា លោក Bolsonaro នឹងធ្វើតេស្តកូវីដ១៩ ម្តងទៀតនៅសប្តាហ៍ក្រោយ៕ ត្នោត