Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរខេត្តកំពត ដាក់ផែនការស្រូបយកកំណើនភ្ញៀវទេសចរណ៍ ឱ្យបានជាង២,៥លាននាក់ នៅឆ្នាំ២០២៣

អាជ្ញាធរខេត្តកំពត បានដាក់ចេញនូវផែនការ ទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យបានប្រមាណ ២,​៥​លាន​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន៣សែននាក់ នៅឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នាផងដែរ ដើម្បីសម្រេចបាន​នូវ​កំណើន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចបានកំណត់ខាងលើនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ​បានធ្វើការកោះប្រជុំអ្នកពាក់ព័ន្ធ ដើម្បីជជែកពីបញ្ហាខាងលើនេះ។

តាមរយៈកិច្ចប្រជុំមួយ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តកំពត គឺបានលើកឡើងនូវការផ្សព្វផ្សាយ ពី​ផែនការអភិវឌ្ឍន៍​តំបន់ទេស​ចរណ៍ ​នៅក្នុងខេត្តកំពតជាច្រើនកន្លែង។

គណៈអភិបាលខេត្តកំពត បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន១២ចំណុច ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ បាន​​យកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្ត នូវភារកិច្ចរបស់ខ្លួន ដើម្បីឱ្យផែនការអភិវឌ្ឍន៍ខេត្តនេះ បាន​ឈានទៅភាពជោគជ័យ។

បើតាមលោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានឱ្យដឹងថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យ​ទេសចរណ៍ ​ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្ម ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់​នៅរបស់​ប្រជា​ពលរដ្ឋ។

លោកអភិបាលមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍​រយៈពេល៥ឆ្នាំ (២០១៩-២០២៣)នេះ បាន​បង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគត នៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោត​​​ជា​សំខាន់ ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​សម្ប​ទា​ទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង​ផល​ប៉ះ​ពាល់ជាអវិជ្ជមាន​នៃវិស័យទេសចរណ៍។

ផែនការអភិវឌ្ឍនេះ ក៏ចង្អុលបង្ហាញពីការសិក្សា​បញ្ហា​ប្រឈមហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែន​ការ​សកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

សូមបញ្ជាក់ថា កន្លងមកនេះ ខេត្តកំពតទទួលបានទទួលភ្ញៀវទេសចរសរុបជាង ១លាន ៦សែននាក់ កាលពីឆ្នាំ២០​១៩ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១៧ម៉ឺននាក់។

ភ្ញៀវទេសចរក្នុងស្រុកម្នាក់ បានចំណាយជាមធ្យម៥០ដុល្លារ ក្នុងដំណើរកម្សាន្តមួយលើក ស្របពេលភ្ញៀវទេសចរបរទេសចំណាយជាមធ្យម ១០០ដុល្លារ ដែលបានធ្វើឱ្យចំណូលពីវិស័យទេសចរនៅខេត្តកំពត កាលពីឆ្នាំមុនមានប្រហែល ១០០លានដុល្លារ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9674609