Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិមីយ៉ាន់ម៉ាចំនួន ៦នាក់ត្រូវបានចាប់ខ្លួនពីបទសម្លាប់បុរសម្នាក់នៅទីក្រុងបាងកក

ប៉ូលិសបាននិយាយថា មានបុរសមីយ៉ាន់ម៉ាចំនួន ៦នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទបន្ទាប់ពី​ពួកគេមានរឿងឈ្លោះប្រកែកគ្នានិងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងហាងមួយ។

លោកវរសេនីយ៍ទោ Arthit Simcharoen ប្រធានប៉ូលិសSamrong Nua​ ​បាននិយាយថា​ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃអាទិត្យ​ ខណៈពេលដែលពលករអន្តោប្រវេសន៍ជនជាតិមីយ៉ាន់ម៉ាម្នាក់​​ឈ្មោះ ​Maung Tho Phe​ អាយុ ១៩ឆ្នាំត្រូវបានគេចាក់នឹងកាំបិត​បណ្តាលឱ្យរងរបួសធ្ងន់​ហើយស្លាប់នៅនឹងកន្លែងតែម្តង។ តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនដៃដល់ជាជនជាតិមីយ៉ាន់ម៉ាមានគ្នាចំនួន ៦នាក់។ ក្រោយការស៊ើបអង្កេត​ប៉ូលិសអន្តោប្រវេសន៍​និងនគរបាល Samrong Nua ចាប់បាន​ជនល្មើសម្នាក់នៅឯ​តំបន់ Soi Phahon Yothin ៤៨ នៃទីក្រុងបាងកកកាលពីយប់ថ្ងៃអាទិត្យ។ ​បន្ទាប់ពីចាប់បានជនល្មើសម្នាក់រួមទាំងការសាកសួរចម្លើយ រូបគេបានផ្តល់ព័ត៌មានអំពីជនល្មើសចំនួន ៥នាក់ទៀតផងដែរ។ ​ជនល្មើសទាំង ៦នាក់មានអាយុចន្លោះពី ២០ ដល់ ២៩ឆ្នាំ ត្រូវបាននាំខ្លួនមកប៉ុស្តិនគរបាល​ Samrong Nua ដើម្បីសួរ​ចម្លើយ។ ពួកគេបានសារភាពថា កាលពីថ្ងៃអាទិត្យពួកគេបានទៅហាង​មួយ ​ហើយបានជួប​ជនរងគ្រោះ។ ភាគីទាំងពីរបាន​ទាស់ពាក្យសម្តីគ្នាដែលនាំឱ្យមានការ​វាយតប់គ្នា។ ​

ក្នុងចំណោម​ពួកគេមានជនល្មើសឈ្មោះ​ Win Thun Aung អាយុ ២០ឆ្នាំ បានដកកាំបិតមកចាក់លើជនរងគ្រោះ​។ ​បន្ទាប់ពី​ឃើញជនរងគ្រោះដួលទៅនឹងដី អ្នកទាំង៦នាក់ បានភៀសខ្លួនរត់បាត់ទៅ។ ​ជនល្មើសទាំង ៦នាក់ ត្រូវបានចោទប្រកាន់ពីបទ​ប្រើអំពើហិង្សាលើរាងកាយដែលបណ្តាលឱ្យអ្នកដទៃស្លាប់ និងពីបទកាន់អាវុធខុសច្បាប់នៅទីសាធារណៈ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Bangkok Post 

from: https://tnaot.com/km/m/detail/article/9485046