ខេត្តបាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានចេញសេចក្ដីជូនដំណឹងជាបន្ទាន់មួយ កាលពីថ្ងៃទី០៨ កញ្ញា ដែលមានលាយឡំនូវខ្លឹមសារហាមឃាត់ការកាប់ទន្ទ្រានយកដីរដ្ឋផង និងព្រមានចាត់វិធានការតាមផ្លូវតុលាការផង ចំពោះពលរដ្ឋទាំងឡាយណា ដែលបាននិងកំពុងធ្វើសកម្មភាពកាប់រុករានព្រៃថ្មី នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងស្រុកសំឡូត។ ប៉ុន្តែលោកអភិបាលខេត្ត ហាក់មិនទាន់ប្រតិកម្មដល់មន្ត្រីមូលដ្ឋានមួយចំនួន ដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយ នៃចលនាកាប់ទន្ទ្រានព្រៃវាទយកដីរដ្ឋនេះនៅឡើយទេ បើទោះជាឈ្មោះមន្ត្រីខិលខូចមួយចំនួន ត្រូវបានគេហែកទម្លាយពេញបណ្ដាញសង្គមយ៉ាងចំហរក្ដី។
សេចក្ដីជូនដំណឹងលេខ ១៩៦៣.២០សជណ ចុះថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននិយាយអំពី « ការចាត់វិធានការតាមផ្លូវច្បាប់ លើករណីការកាប់ទន្ទ្រានថ្មី ការឈូសឆាយដីព្រៃ និង ការតាំងលំនៅឋានថ្មីមិនស្របច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស និង តំបន់ប្រើប្រាសច្រើនយ៉ាងសំឡូត » ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំឡូត។
បើយោងលើខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តនេះ លោកងួន រតនៈ ហាក់បានដឹងសព្វគ្រប់ និងយ៉ាងប្រាកដអំពីចលនាកាប់រុករានព្រៃ នៅក្នុងតំបន់ហាមឃាត់ខាងលើនេះ។ លោកបានស្ដីបន្ទោសដោយចំហទៅលើពលរដ្ឋថា «ជាអ្នករំលោភបំពានដីរដ្ឋ តែគ្មានប៉ះពាល់ដល់មន្ត្រីសូម្បីម្នាក់»។ លោកអភិបាលខេត្ត បានថ្លែងថា « ប្រជាពលរដ្ឋមួយចំនួនបានបន្តទន្ទ្រានដីព្រៃថែមទៀត តាមរយៈការឈូសឆាយពង្រីក ការកាប់រាន ឬ ការតាំងទីលំនៅថ្មីមិនស្របច្បាប់។ លោកបានព្រមាននូវសកម្មភាពនេះយ៉ាងដូច្នេះថា«រដ្ឋបាលខេត្តមិនទទូលស្គាល់នូវរាល់ទិន្នន័យទាំងឡាយណា ដែលកើតដោយសារការរុករានថ្មីនេះឡើយ ទោះនៅក្នុងរូបភាពណាក៏ដោយ»។សូមបញ្ជាក់ថា ការសម្រេចចេញសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តយ៉ាងតក់ក្រហល់នេះ ត្រូវគេកត់សម្គាល់ថា បានធ្វើឡើង បន្ទាប់ពីមានជនខិលខូចមួយចំនួន បានធ្វើសកម្មភាពកាប់ទន្ទ្រានព្រៃថ្មីៗយ៉ាងអនាធិបតេយ្យ នៅក្នុង«តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស» ត្រង់ចំណុច«Y» ដែលស្ថិតនៅក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្បៅ ស្រុកសំឡូត។ មិនតែប៉ុណ្ណោះ ជនទុច្ចរិតខ្លះហ៊ានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃនោះយ៉ាងគគ្លើនទៀតផង ដែលគេសង្ស័យថា អាចមានមន្ត្រីមួយចំនួននៅក្នុងស្រុកនេះជាអ្នកនៅពីក្រោយខ្នង។ ចលនារំលោភបំពានដីសាធារណៈរបស់រដ្ឋ ដែលការពារដោយក្រសួងបរិស្ថាននេះ បានចាប់ផ្ដើមផុសផុលកាន់តែខ្លាំង នៅក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ។
ប៉ុន្តែបង្កឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងក្រុមអ្នកកាប់រានដីរដ្ឋ ជាមួយក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅទីនោះ បានកើតឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះនៅពេលក្រុមមន្ត្រីចុះទៅរារាំងចលនានេះ។ ក្រុមអ្នកកាប់រានព្រៃបានលើកគ្នាទៅកាត់ខ្សែរចងតង់កៅស៊ូរបស់មន្ត្រីបរិស្ថាន ហើយថែមទាំងបណ្ដេញក្រុមមន្ត្រីឧទ្យានុរក្សនេះឲ្យរុះរើតង់ចេញពីតំបន់នោះទៀតផង។ នេះបើតាមការអះអាងពី លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត ដែលបានប្រាប់កោះសន្តិភាព នៅក្នុងពេលក្រុមមន្ត្រីកំពុងប្រឈមមុខដាក់គ្នាខ្លាំងជាមួយក្រុមប៉ុនប៉ងលួចដីរដ្ឋ។ លោក កត បូរាណ បានបញ្ជាក់ថា អ្នកកាប់ទន្ទ្រានព្រៃនៅតំបន់ការពារចំណុច«Y» នេះ ភាគច្រើនជាមនុស្សមិនស្ថិតនៅក្នុងមូលដ្ឋាន ហើយអាចមានមេខ្លោងនៅពីក្រោយខ្នង ហើយមេខ្លោងនោះអាចជាមន្ត្រីខិលខូចនៅក្នុងស្រុកនេះតែម្ដង។
ស្របពេលដែលប្រធានមន្ទីរបរិស្ថានបង្ហើបឲ្យដឹងពីតម្រុយនៃមេខ្លោងនៅពីក្រោយការកាប់រានព្រៃនេះ អត្តសញ្ញាណជាក់លាក់ នៃមន្ត្រីរាជការមួយចំនួននៅក្នុងរដ្ឋបាលស្រុកសំឡូត ដែលគេអះអាងថា«ជាអ្នកនាំអាទ៏ឲ្យមានការរំលោភបំពានយកដីរដ្ឋ» ត្រូវបានគេលាតត្រដាងបង្ហាញពាសពេញក្នុងបណ្ដាញសង្គមនានា។ កាលពីថ្ងៃទី០៧ កញ្ញា អាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា« យុវជន សន្តិភាព » បានសរសេរបង្ហោះយ៉ាងលំអិតអំពីសកម្មភាពជនខិលខូចកាប់ទន្ទ្រានព្រៃរបស់រដ្ឋនេះ។
បណ្ដាញសង្គមឈ្មោះ«យុវជន សន្តិភាព» បានពិព័រណ៌នាអំពីសកម្មភាពក្រុមជនខិលខូច រួមទាំងមន្ត្រីគ្រាប់ល្ពៅមួយចំនួនផង ដែលបានកាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ នៅក្នុង«តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស»ស្រុកសំឡូត។ យុវជន សន្តិភាព បានចង្អុលមុខពួកមន្ត្រីខិលខូចចំៗតែម្ដង ដែលមានមហិច្ឆិតាលោភលន់ច្បាមយកដីរដ្ឋ។ មន្ត្រីដែលយុវជនសន្តិភាព បានលាតត្រដាងឈ្មោះជាសាធារណៈនៅក្នុងបណ្ដាញសង្គមរបស់ខ្លួននោះរួមមាន៖ លោក តុល ភន អភិបាលរងស្រុកសំឡូត, លោក ឡាច ហម មេឃុំកំពង់ល្ពៅ, លោក គឹម សឺន ប្រធានភូមិកំពង់ល្ពៅ, លោក សួន ជូន អនុប្រធានភូមិកំពង់ល្ពៅ, លោក គឹន ម៉ៃ ប្រធានភូមិអូរដើមចេក និង លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ដែលមានប្រវត្តិអាស្រូវបំផុត ទាំងរឿងរាវនៅក្នុងអង្គភាព ទាំងរឿងដីធ្លី។
ក្រុមមន្ត្រីទាំងប៉ុន្មាននាក់នេះ ត្រូវបាន«យុវជន សន្តិភាព» ដកស្រង់សំដីបន្តពីពលរដ្ឋថា«ក្រុមមន្ត្រីនេះ បានដើរប្រម៉ែប្រមូលហៅពលរដ្ឋឲ្យចូលរួមតវ៉ា ដើម្បីទទូលបានដីនេះ ដែលធ្វើឲ្យចលនាវាទយកដីរដ្ឋនេះមានសន្ទុះកាន់តែខ្លាំងក្នុងការតវ៉ា។ ពួកគេបានយកបង្គោលទៅបោះព្រំដី យកត្រាក់ទ័រទៅឈូសឆាយព្រៃ ហើយបញ្ជាឲ្យមន្ត្រីឧទ្យាននុរក្សរើទីស្នាក់ការចេញមិនឲ្យយាម និង បញ្ឍប់ការដើរល្បាតនៅតំបន់នោះបន្តទៀតផងដែរ»។
កោះសន្តិភាព មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីប៉ុន្មានរូបខាងលើនេះបានទេ នៅព្រឹកថ្ងៃទី៩ កញ្ញានេះ ជុំវិញការចោទប្រកាន់ពីបណ្ដាញសង្គម«យុវជនសន្តិភាព»។ ប៉ុន្តែលោក សើ សាម៉េត អភិបាលស្រុកសំឡូត ធ្លាប់បានឆ្លើយការពាររួចហើយ កាលពីអំឡុងខែកក្កដាកន្លងទៅ ដោយលោកបានបញ្ជាក់ប្រាប់កោះសន្តិភាពថា«គ្មានមន្ត្រីណាម្នាក់មានជាប់ពាក់ព័ន្ធនឹងការកាប់រានព្រៃនៅចំណុច«Y»ខាងលើនេះទេ។ ដោយឡែក មេឃុំកំពង់ល្ពៅ លោក ឡាច ហម ក៏បានបដិសេធយ៉ាងជាក់លាក់ថា លោកក៏មិនបានចូលរួមកាប់រានព្រៃត្រង់ចំណុចខាងលើដែរ នៅពេលលោកបានផ្ដល់បទសម្ភាសន៏ជាមួយវិទ្យុជាតិចំការ។ លោកមេឃុំរូបនេះបានទម្លាក់កំហុសនេះទាំងស្រុងទៅលើពលរដ្ឋចំនួន៣០០គ្រួសារ នៅភូមិអូរដើមចេក និង ភូមិកំពង់ល្ពៅថា«ជាអ្នកកាប់ទន្ទ្រានព្រៃនៅតំបន់នោះ បើទោះជាលោកខំរារាំងក៏ពលរដ្ឋមិនស្ដាប់ដែរ»នៅក្នុងកិច្ចសម្ភាសន៏លោកមេឃុំក៏បានសុំឲ្យខាងវិទ្យុជាតិជួយទប់ស្កាត់ផងដែរ។
ប៉ុន្តែការបំភ្លឺរបស់លោកឡាច ហម ប្រាប់ «វិទ្យុជាតិចំការចេក» នេះ ត្រូវបានប្រភពនានា នៅក្នុងស្រុកសំឡូត ដែលបានដឹងរឿងនេះព្រាលៗដែរ បានរិះគន់ចំៗ និង បានហៅការបំភ្លឺរបស់លោកមេឃុំរូបនេះថា ជាចម្លើយដោះយករួចខ្លួន និង គ្មានការទទូលខុសត្រូវ។ ប្រភពនេះបានបញ្ជាក់ថា តាមពិតក្រុមមន្ត្រីខិលខូចខ្លះ បានឃុមឃិតគ្នាយ៉ាងរលូនក្នុងការចាប់ច្បាមយកដីរដ្ឋ។ពួកគេបានបំផុសឲ្យពលរដ្ឋងើបជួយតវ៉ា ដោយបញ្ឆោតពលរដ្ឋថា អាចនឹងបានដីនៅទីនោះម្នាក់មួយប្លង់ តែតាមពិតពួកគេ(មន្ត្រី)បាននាំគ្នាបោះបង្គោលព្រំលើដីនៅជាប់ផ្លូវជាតិ ចែកគ្នារួចស្រេចអស់ទៅហើយ។ លុះពេលមានបញ្ហាកើឡើង ពួកគេដើរបំផុសឲ្យពលរដ្ឋចូលរួមតវ៉ា ឬ រុញពលរដ្ឋឲ្យប្រឈមមុខជាមួយរដ្ឋាភិបាល រីឯពួកគេឈរជាបង្អែកនៅខាងក្រោយ។ បើពិនិនិត្យជាក់ស្ដែងមានពលរដ្ឋតិចណាស់ដែលមានចំណែកដីព្រៃនៅទៅនោះ ហើយបើមានក៏ពលរដ្ឋគ្មានលទ្ធភាពចាប់បានដីនៅខាងមុខជាប់ផ្លូវជាតិដែរ។ នេះគ្រាន់តែជាការបោកប្រាសរបស់ពួកមន្ត្រីខិលខូចតែប៉ុណ្ណោះ។
លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ដដែលៗរួចហើយថា ពេលនេះមន្ត្រីរបស់លោកមួយក្រុមកំពុងបោះជំរុំដេកយាមដីនៅចំណុច«Y»នោះនៅឡើយ ដោយមិនអនុញាតឲ្យជនខិលខូចណាលួចបោះបង្គោលឬលួចចូលកាប់ព្រៃទៀតទេ។ មិនតែប៉ុណ្ណោះ លោកបានប្ដេជ្ញាថា នឹងធ្វើការរឹបអូសយកដីទាំងអស់ដែលជនមួយចំនួនកាប់រានយកនៅក្នុង«តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស» មកជាសម្បត្តិរដ្ឋវិញ ដោយមិនអនុញាតឲ្យបុគ្គលណាម្នាក់យកដីតំបន់អភិរក្សនោះធ្វើជាកម្មសិទ្ធឯកជនឡើយ។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានថ្លែងនៅក្នុងសេចក្ដីជូនដំណឹងរបស់លោកថា ពលរដ្ឋមួយចំនួនដែលកាប់ទន្ទ្រានព្រៃនៅតំបន់ខាងលើនេះ គឺធ្វើឡើង ស្របពេលដែលក្រុមការងារថ្នាក់ជាតិដឹកនាំដោយក្រសួងបរិស្ថាន សហការអនុវត្តដោយក្រុមការងារចម្រុះខេត្ត បាននិងកំពុងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និង អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី នៅក្នុងភូមិសាស្ត្រស្រុកសំឡូត ។
ប៉ុន្តែនៅក្នុងសជណនោះ លោកអភិបាលខេត្ត ហាក់មិនបាននិយាយប៉ះពាល់ទៅលើមន្ត្រីណាម្នាក់ ដែលជាប់សង្ស័យនឹងការរំលោភបំពានដីរដ្ឋទេ គឺបានស្ដីបន្ទោសតែទៅលើពលរដ្ឋមួយចំនួនប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានអំនាវឲ្យ
បញ្ឈប់សកម្មភាពផង និង បានព្រមានផងថា រដ្ឋបាលខេត្ត សូមធ្វើការហាមឃាត់ដាច់ខាត និង ត្រូវចាត់វិធានការតាមច្បាប់ ដោយមិនលើកលេងឡើយ ក្នុងករណីប្រជាពលរដ្ឋឋណារឹងរូស ឬ តបតដោយហឹង្សារណាមួយ ពេលដែលមន្ត្រីឧទ្យាននុរក្សចុះអនុវត្តសេចក្ដីជូនដំណឹងនេះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព