សហជីពថា ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតឆ្នាំ២០២១មានការពិបាកខ្លាំងអាចនឹងឡើង២ដុល្លារប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ មេសហជីពមួយរូបបានអះអាងថា ការពិភាក្សាប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត ឆ្នាំ២០២១ មានការពិបាកខ្លាំង ដោយអាចឡើង២ដុល្លារតែប៉ុណ្ណោះ ។ ការលើកឡើងរបស់មេសហជីព ខណៈត្រីភាគីបានកំពុងពិភាក្សា ដើម្បីកំណត់យកតួលេខរួមមួយ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ។
លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិបានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២១ កំពុងពិភាក្សាតែវាពិតជាពិបាកខ្លាំង ដោយភាគីនិយោជកសុំព្យួរការអនុវត្តប្រាក់ឈ្នួល ដោយទុកឲ្យភាគីនិយោជក និងកម្មករចរចា ប្រាក់ឈ្នួលដោយផ្ទាល់ ដើម្បីការងារ ។ លោកបញ្ជាក់ថា« រីឯភាគីសហជីពនៅតែរក្សាការស្នើសុំ ១២.៣៥ដុល្លារ ក្នុងជំហ៊ានទី១ នៃការចរចា ដូចនេះវាជារឿងលំបាកបំផុត ដែលក្រុមសហជីពត្រូវរិះគិត និងបញ្ហាប្រឈម របស់រោងចក្រសហគ្រាស ដែលកំពុងព្យួរការងារ និងការបិទទ្វារនៅឡើយ ។ នៅមានវគ្គបន្ត» ។
ជាមួយគ្នានោះដែរ មេសហជីពក៏បានឲ្យដឹងថា ក្នុងកិច្ចប្រជុំយ៉ាងតឹងតែងភាគីនិយោជកបានស្នើសុំឲ្យរក្សាប្រាក់ខែកម្មករឆ្នាំ២០២១ដូចប្រាក់ខែឆ្នាំ២០២០ដដែល ។ តែបើតាមការបង្ហើបឲ្យដឹងពីមេសហជីពដដែលបានលើកឡើងថា ប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតឆ្នាំ២០២១ អាចមានចំនួន១៩២ដុល្លារ គឺអាចកើន២ដុល្លារបើធៀបនឹងឆ្នាំ២០២០មានចំនួន១៩០ដុល្លារ មិនបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព