រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានចុះបិទទីតាំងខារ៉ាអូខេយីហោ J KTV និង មួយកន្លែងទៀត ឈ្មោះ LUSH KTV ដែលស្ថិតផ្លូវ៤៨៨ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅយប់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០នេះ។
លោក ថេង សុថុល អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌ ចំការមន ជាអ្នកដឹកនាំកម្លាំងចម្រុះចុះផ្អាកបណ្ដោះអាសន្នអាជីវកម្មខារ៉ាអូខេទាំង២កន្លែងនេះ ព្រោះលួចបើកមិនព្រមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខុសគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការការពារការឆ្លងជំងឺកូវីដ១៩។
ក្នុងពេលថ្មីៗនេះ អាជ្ញាធរបានអនុញ្ញាតឲ្យខារ៉ាអូខេ ដូចជា ក្លិបកម្សាន្ត ភោជនីយដ្ឋានជាដើម បើកដំណើរការឡើងវិញ តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បីជួយដល់បុគ្គលិកមួយចំនួនឲ្យមាន ការងារធ្វើវិញ តែជាក់ស្ដែង ទីតាំង២ខាងលើនេះ មិនបានគោរពគោលការណ៍ របស់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រសួងពាណិជ្ជកម្មទេ នៅតែលួចបើក ខារ៉ាអូខេទើបនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមន ចុះផ្អាកអាជីវកម្មទាំងនេះ ជាបណ្ដោះអាសន្នសិន។
ខារ៉ាអូខេ ដែលអាជ្ញាធរចុះផ្អាកចំនួន២ទីតាំងនោះ យីហោ J KTV មាននារីបំរើចំនួន២០៩នាក់ ភ្ញៀវប្រុសចំនួន ៦៥នាក់ និង បុគ្គលិកចំនួន ៩០នាក់ ។ ចំណែកខារ៉ាអូខេ យីហោ LUSH KTV មាននារីបំរើចំនួន ១០០នាក់ ភ្ញៀវប្រុស ចំនួន៦៤នាក់ និង បុគ្គលិកចំនួន៣៥នាក់ ៕ ត្នោត