យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុន៧១ បានធ្វើការផ្គត់ផ្គង់ ការនាំចេញផលិតផលអង្ករ ក្នុងខែសីហា ឆ្នាំ២០២០ ក្នុងបរិមាណអង្ករសរុបចំនួន២២១៣០តោន។ ចំនួននេះបើធ្វើការប្រៀបធៀប និងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ មានប្រមាណ ៣៤ ០៣២តោន ថយចុះចំនួន១១ ៩០២តោន ស្មើនឹង៣៤,៩៧%។
បើគិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញអង្ករសម្រេចបានចំនួន៤៤៨ ២០៣តោន និងការនាំចេញទៅកាន់ទិសដៅចំនួន៥៩ប្រទេសផងដែរ។
ប្រទេសចិនបានជាប់លំដាប់ទី១ ក្នុងការទទួលទិញអង្ករពីកម្ពុជាក្នុងបរិមាណខ្ពស់ ដែលមានប្រមាណជាង ១សែនតោន ខណៈប្រទេសបារាំងស្ថិតក្នុងលំដាប់ទី២ នៃការបញ្ជាទិញអង្ករពីកម្ពុជាមានប្រមាណជាង៥ម៉ឺនតោនប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រទេសហ្គាបុង ក៏បានឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ក្នុងការទិញអង្កររបស់កម្ពុជាដែលមានប្រមាណជាង៣ម៉ឺនតោន ក្នុងនោះប្រទេសម៉ាឡេស៊ី ស្ថិតក្នុងលំដាប់ទី៤មានចំនួនជាង៣ម៉ឺនតោន ប្រទេសអូស្រ្តាលីលំដាប់ទី៥ចំនួន ២០ ៩១៥តោន និងប្រទេសណេដីឡែន លំដាប់ទី៦មានប្រមាណជាង១ម៉ឺនតោន ប្រទេសវៀតណាមលំដាប់ទី៧ មានចំនួន១២ ៨៣៦តោន ប្រទេសអង់គ្លេសលំដាប់ទី៨ចំនួន ១១ ៣៥៦តោន ប្រទេសប្រ៊ុយណេលំដាប់ទី៩ចំនួន ១០ ៥០០តោន និងប្រទេសអេស្ប៉ាញ លំដាប់ទី១០ប្រមាណជាង១ម៉ឺនតោនផងដែរ។
ផលិតកម្មដំណាំស្រូវរដូវវស្សា ក្នុងឆ្នាំ២០២០នេះ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី៣១ ខែសីហា មានផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ២៦២៦ ២៥៩ហ.ត។
សូមបញ្ជាក់ថា នៅក្នុងខែសីហា ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា បានធ្វើការដាំដុះបានចំនួនជាង២ ៥៤៧ ៤២០ហ.ត ស្មើនឹង៩៨,៤៣% នៃផែនការចំនួន២៥៨៨១៣០ហ.ត។
ដោយឡែក ការប្រមូលផលស្រូវស្រាល ដើមរដូវវស្សាវិញ ការប្រមូលផលស្រូវស្រាលសម្រេចបានចំនួន១៨១ ៦២៤ហ.ត ដោយទទួលបរិមាណផលស្រុបចំនួន ៧៤០ ៣០៧តោន លើសឆ្នាំមុនចំនួន ៥៥៣៣៩តោន និងទទួលបានទិន្នផលគិតជាមធ្យម ៤,០៧៦តោន/ហ.ត៕ ដោយ៖ ឃួន លក្ខិណា