រាជធានីភ្នំពេញ៖ បុរសមេការហាងគុយទាវ អង្គរជុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ពាក់ព័ន្ធវាយ និងគំរាមសម្លាប់ នារីម្នាក់តែនាងប្រកែកមិនព្រមទៅរួមដំណេកជាមួយ កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញឲ្យដឹងថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ មានស្ត្រីរងគ្រោះម្នាក់ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌ និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok ដោយរៀបរាប់ថា ខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំវាយ និងគំរាមសម្លាប់។ បន្ទាប់មកជនរងគ្រោះ ថែមទាំងបានទៅជួប អ្នកសារព័ត៌មាន ធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យមានហិង្សានោះផងដែរ។
ជនរងគ្រោះបានរៀបរាប់ថា រូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយ ទាវអង្គរជុំ ម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួចភ្ញៀវ២នាក់បានបើករថយន្តជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមដំណេក ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រវាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។
ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមនិតិវិធី រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវ អង្គរជុំ សាខាបឹងសាឡាង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ ត្នោត