ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស 330មួយ គ្រឿងបោះពួយទៅបុកគូទរថយន្តបាញ់ បេតុងពេញទំហឹងបណ្តាលឲ្យរងរបួសចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ5A-2426ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណៈ មកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបំរុងបត់ ឆ្វេងដៃចូលទៅផ្លូវបេតុងម្ខាងទៀតខណះមិនទាន់បានបត់ផងក៏មានរថយន្តឡិចសុីសrx330 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH-8865បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា
ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តបាញ់បេតុងពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។រីឯរថយន្តបាញ់បេតុងមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះ ទៅដល់ទីតាំងកន្លែងកើតហេតុភាគីទាំងសង្ខាងសុំ ធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ ដោយ ផេង ភាព