សុន ស្រីពេជ្រ បង្ហោះសារបង្ហាញបញ្ជាក់លម្អិតពីជីវិតប្តីប្រពន្ធក្រោយសម្រាលកូនទី ២
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដែលមានឈ្មោះល្បីមួយរូប និងនិយមតែងកាយលក្ខណៈស្រគត់ស្រគំ គឺ អ្នកនាង សុន ស្រីពេជ្រ កន្លងមកបានធ្វើអោយមហាជន និងអ្នកគាំទ្ររបស់នាងមានការសង្ស័យជុំវិញ ជីវិតអាពាហ៍ពិពាហ៍របស់នាង ក្រោយអវត្តមានស្វាមីរបស់នាងជាច្រើនលើកនៅតាមកម្មវិធីធំៗនានា ជាពិសេស គឺថ្ងៃសម្រាលកូនទី២ តែម្តង ។
អ្នកនាង សុន ស្រីពេជ្រ តារាចម្រៀងដែលមានទឹកដមសម្លេងពិរោះស្រទន់ និងល្បីខ្លាំងតាមរយៈការច្រៀងបទចម្រៀងសម្រាប់បរិស្ថាន និងតំបន់ទេសចរណ៍កន្លងមកមិនដែលបកស្រាយរឿងជីវិតអាពាហ៍ពិពាហ៍របស់នាងឡើយ ទោះបីជាកន្លងមកនាងតែងតែបង្ហាញទឹកមុខមិនស្រស់ស្រាយ និងតែងតែបាត់អវត្តប្តីរបស់នាង បើទោះបីជាអ្នកគាំទ្របង្ហាញក្តីបារម្ភពីចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង សុន ស្រីពេជ្រ ។ តែនាងមិនដែលបានបង្ហាញពីប្រតិកម្មអ្វីទៅលើចម្ងល់របស់អ្នកគាំទ្រ ដោយនាងនៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនបានចេញមុខបកស្រាយអ្វីឡើយ ។
យ៉ាងណាមិញ ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ ហើយការអត់ធ្មត់របស់មនុស្សក៏តែងតែមានកំណត់ ហើយក៏ប្រហែលជានាងមិនអាចលាក់ទុកនូវក្តីឈឺចាប់នៅក្នុងទ្រូងបានតទៅទៀតនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីដែលកើតក្នុងត្រកូលអ្នកសិល្បៈ និងមានឪពុកជាតារាកំប្លែងដ៏ល្បីនោះ បានបញ្ចេញអារម្មណ៍នៅក្នុងចិត្តរបស់នាងមួយចំនួនអំពីជីវិតគ្រួសាររបស់នាងអាចឈានដល់ផ្លូវបំបែកពិតមែន ។
នកនាង សុន ស្រីពេជ្រ បានបង្ហោះសារលើបណ្តញសង្គមដែលមានខ្លឹមសារថា «សុំឱ្យបីនាក់ម៉ែកូនយើងជួបតែរឿងល្អៗ មានលាភជ័យ សុខភាពល្អ សូមសុខសប្បាយគ្រប់ពេល» ។ បន្ទាប់ពីបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹកជាមួយកូនរួចមក ស្រាប់តែមានមហាជនបានចូលខមមិន និងសួរទៅកាន់នាងតាមហ្វេសប៊ុកថា « តែបីនាក់ហ្នឹងទេ? » ហើយរូបនាងក៏បានឆ្លើយតបវិញថា បីនាក់មានរយៈពេល៣ខែរួចមកហើយ និងក៏បន្តបីនាក់រហូតទៅអើយ ។
យ៉ាងណាមិញ បន្ទាប់មានការលើកឡើងបែបនេះ មហាជនកាន់តែច្បាស់ថា នាង និង ស្វាមីរបស់នាង គឺលោកតិច សុខជា ដែលជាអ្នកជំនួញមួយរូបនោះ គឺពិតជាបានចែកផ្លូវគ្នាមែនទែនហើយទើបរូបនាងហ៊ានពោលពាក្យចេញមកយ៉ាងច្បាស់ៗបែបនេះ ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាលែងឃើញមានវត្តមានរបស់ស្វាមីតទៀតក៏តារាចម្រៀស្រីរូបនេះនៅតែបង្ហាញពីភាពរឹងមាំក្នុងការមើលថែកូនតូចៗទាំងពីររបស់នាង និងប្រកបការងារកស៊ីជាធម្មតាដដដែល ហើយអ្នកគាំទ្រក៏បានលើកទឹកចិត្តតារាចម្រៀងរូបនេះឲ្យជួបតែសំណាងល្អក្នុងជីវិត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព