ព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo របស់ព័រទុយហ្គាល់ បានក្លាយជាកីឡាករអឺរ៉ុបដំបូងគេ ដែលបានស៊ុតបាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិលើស ១០០គ្រាប់ (១០១គ្រាប់) ក្នុងបាល់ទាត់បុរសសម្រាប់ការប្រកួតអន្តរជាតិ បន្ទាប់ពីរកបាន ២គ្រាប់ម្នាក់ឯង ក្នុងជំនួបដែលព័រទុយហ្គាល់យកឈ្នះស៊ុយអែត ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ Nations League។
២គ្រាប់ដែលរកបានដោយខ្សែប្រយុទ្ធក្រុម Juventus វ័យ ៣៥ឆ្នាំរូបនេះ សម្រេចបាននៅនាទី៤៥ ជិតបញ្ចប់វគ្គទី១ ដោយបានហ្វ្រីឃីត (Free Kick) និងគ្រាប់ទី២ នៅនាទី៧២ ដោយការស៊ុតបាល់ពីលើប្រអប់គ្រោះថ្នាក់។
បើទោះបីជាកីឡាករព័រទុយហ្គាល់ និងអឺរ៉ុប ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ សម្រាប់ក្រុមជម្រើសជាតិក្នុងការបង្ហាញខ្លួនចំនួន ១៦៥ប្រកួតយ៉ាងណាក្តី ក៏ C.Ronaldo នៅត្រូវការ ៨គ្រាប់បន្ថែមទៀត ដើម្បីតាមស្មើកំណត់ត្រារបស់លោក Ali Daei អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាបុរសតែម្នាក់គត់រកគ្រាប់បាល់ប្រកួតអន្តរជាតិច្រើនជាង C.Ronaldo ពោលមានចំនួន ១០៩គ្រាប់ អំឡុងពេលអាជីពរបស់លោកនៅចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៦ ពីការបង្ហាញខ្លួនចំនួន ១៤៩ប្រកួត៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព