គម្រោងខុនដូដែលកំពុងស្ថិតនៅក្នុងការសាងសង់ ហាក់មិនសូវមានការគាំទ្រហិរញ្ញវត្ថុ ដើម្បីការវិនិយោគពីខាងធនាគារឡើយ ខណៈខុនដូប្រមាណ២ម៉ឺនយូនីត ដែលបានសាងសង់រួចរាល់ ចំនួនជាង៦០គម្រោង កំពុងទទួលបានការគាំទ្រពីវិស័យធនាគារ ក្នុងការផ្ដល់ឥណទាន សម្រាប់វិនិយោគផងដែរ។ នេះបើតាមការលើកឡើងរបស់លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CBRE Cambodia។
លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា វិនិយោគិន ខ្លះបានយកលុយពីធនាគារ មកទិញខុនដូ ហើយក៏បានដាក់ជួលខុនដូនោះ ទៅជនបរទេស ឬវិនិយោគិនដទៃទៀត ដើម្បីបានប្រាក់ចំណេញមកវិញ ក៏ប៉ុន្តែនៅពេលមានការធ្លាក់ចុះចំនួនជនបរទេស នៅក្នុងប្រទេសកម្ពុជា ខាងធនាគារក៏គេមើលដែរ បើសិនជាគ្មានអ្នកជួលទេ ពួកគេពិបាកនឹងផ្ដល់ឥណទានទៅវិនិយោគិន ដើម្បីយកលុយទាំងនោះ ទៅវិនិយោគជាមួយនឹងខុនដូ។
ការធ្លាក់នូវអត្រារស់នៅខុនដូ គឺវាអាស្រ័យទៅលើចំនួនភ្ញៀវបរទេស ចូលមកដល់កម្ពុជា ព្រោះទីផ្សារខុនដូកម្ពុជា បានផ្តោតខ្លាំងទៅលើជនបរទេស មានន័យថា បើអត្រាជួលនិងទិញខុនដូ សម្រាប់ ស្នាក់នៅធ្លាក់ចុះ ចំនួនជនបរទេសក៏ធ្លាក់ចុះដែរ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយដកម្មនិងសំណង់ ក្នុងរយៈ១ឆមាសដើមឆ្នាំ ២០២០នេះកម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ជាង២.៥២២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៣,៨៤ពាន់លានដុល្លារអាមេរិក។ ដោយ៖ ត្នោត