ធ្លាប់ឃើញតែរាល់ដង ដៀវដើរព្រៃភ្នំ ស្រគត់ស្រគុំ សប្តាហ៍នេះសុំ ឆើតឆាយម្តង! ដៀវនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សួនមេអំបៅ (មជ្ឈមណ្ឌល មេអំបៅបន្ទាយស្រី) ដែលជាកន្លែងមួយប្លែកខុសពីរមណីយដ្ឋានផ្សេងៗនៅសៀមរាប ។ មជ្ឈមណ្ឌល មេអំបៅបន្ទាយស្រីនេះបានបើកដំណើរការយូរមកហើយ ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍តិច ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ ។ មជ្ឈមណ្ឌល មេអំបៅបន្ទាយស្រី មានចំងាយប្រមាណ 25KM ពីក្រុងសៀមរាប។
នៅទីនេះមានមេអំបៅប្រមាណជាង 30 ប្រភេទដែលអ្នកទាំងអស់គ្នាអាចចូលទស្សនា និង ប្រាស្រ័យជាមួយពួកវាដោយផ្ទាល់ ។ ទៅជាសួនមេអំបៅនេះ មិនមានការរៀបចំអោយប្រណិតខ្លាំង និងធំដុំ ប៉ុន្តែការដាំរុក្ខជាតិ និង ផ្កានានានៅទីនេះ គឺមានលក្ខណៈស្រស់បំព្រង គ្រប់គ្រាន់សំរាប់អោយយើង ទទួលបានអារម្មណ៍ស្រស់ថ្លា!មានអារម្មណ៍ថាដូចដើរ នៅក្នុង សួន អេដេន (សួនរបស់អាដាម និង អ៊ិវ)។ ក្រៅពីការទស្សនា និង ថតរូបស្អាតៗរបស់មេអំបៅ យើងក៏នឹងអាចបានស្វែងយល់បន្ថែមអំពិវដ្តជីវិត និង ការចិញ្ចឹម មេអំបៅផងដែរ ជាមួយនឹងការនាំផ្លូវ និង បកស្រាយដោយមគ្គុទេសឥតគិតថ្លៃនៅទីនោះ ។ ដឹងអត់នៅទីនោះ ក៏មាននូវប្រភេទពូជមេអំបៅយក្ស ដែលកំពុងជិតផុតពូជផងដែរ (មានក្នុងរូប)។ កាន់តែពិសេស ចំណូលនៃការលក់សំបុត្រ គឺត្រូវបានយកទៅជួយ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរបស់បងប្អូនដែលនៅសហគមន៍នេះផងដែរ។
អូ ភ្លេចប្រាប់ តំលៃសំបុត្រសំរាប់ជនជាតិខ្មែរ គឺត្រឹមតែ 2000រៀលប៉ុណ្ណោះ សំរាប់មនុស្សធំ និង 1000រៀលសំរាប់ក្មេងក្រោម 12 ឆ្នាំ ! បើបានទៅសៀមរាប កុំភ្លេចទៅលេងបន្ទាយស្រី ហើយចំនាយពេលប្រមាណតែ មួយម៉ោងកន្លះ ទៅ ពីរម៉ោងប៉ុណ្ណោះ នៅទីនេះ ! ជាពិសេស អ្នកដែលមានកូនតូចៗ វាពិតជាល្អសំរាប់អោយពួកគេបានទទួលចំណេះដឹងបន្ថែម និង រៀនស្រលាញ់ធម្មជាតិ! ហើយអ្នកសៀមរាប មិនបាច់និយាយទេ ជិតអោយបង្កើយ !