សំណើសុំបើកគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីរៈ ដែលបានរៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺនៅមិនទាន់ចេញជារូបរាងផ្លែផ្កានៅឡើយទេ ដោយកំពុងនៅរង់ចាំការសម្រេច ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានស្នើសុំការយោគយល់ ពីស្ថាបនិកនៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ក្នុងការប្រកាសផ្អាកបិទសាលារៀននៅទូទាំងប្រទេស របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី បានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ដោយសារបញ្ហានេះទេ។ “អ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាល បានគ្រប់គ្រងបានយ៉ាងល្អ បើទោះជាពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី”។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំបានធ្វើការប្រកាស ឱ្យបើកសាលារៀនជា៣ដំណាក់កាល ដំណាក់កាលទី១ គឺបើកសាលាដែលមានសុវត្ថិភាព អនាម័យខ្ពស់ ក្នុងនោះ៖ មានកូនមន្រ្តីទូត កូនអ្នកជំនួញ និងអ្នកវិនិយោគ ដែលអាចបានរៀនសូត្រនៅកម្ពុជា។ ” ក្រសួងអប់រំក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ដែរ”។
លោករដ្ឋមន្ត្រីបញ្ជាក់ថា”ក្រសួងកំពុងពិនិត្យមើលលទ្ធភាពក្នុងការបើករោងជាងជាមុនសិន ដែលចំណុចនេះ កំពុងធ្វើការស្នើសុំ នឹងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលផងដែរ”។
រាល់សំណើរ របស់សមាជិកនៃសមាគម គឺក្រសួងការងារបានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាលដូចគ្នា ប៉ុន្តែបើសិនមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។ នេះបើតាមលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមលោក ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានលើកឡើងពីបញ្ហាដែលសមាជិក នៃសមាគម កំពុងជួបនូវបញ្ហាជាច្រើនដូចជា ថ្លៃជួលអគារសិក្សា ការចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការរបស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួន ក្នុងដំណាក់កាល នៃវិបត្តិជាសកលនេះ។ “ អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបាន គឺអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។
ស្រដៀងគ្នាផងដែរ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ បានស្នើឱ្យសមាគមទាំងអស់ មានការឯកភាពគ្នា សហការប្រមែប្រមូលគ្រឹះអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ មកជាក្រុមតែមួយ ដោយគៀងគរលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងរដ្ឋ និងឯកជន ដែលលោកបានចូលនិវត្ត ពោរពេញដោយបទពិសោធន៍ល្អៗ មកជួយតម្រែតម្រង់បន្ថែមទៀត។ “ដោយធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តា បច្ចេកទេស វិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។ ប៉ុន្តែក្នុងដំណាក់កាលនេះ សំខាន់បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហា របស់វិទ្យាស្ថាននិងសាលារៀនបាន ព្រោះថាកូវីដ១៩អាចនឹងនៅតែបន្តយូរអង្វែង”។
ការស្នើសុំឱ្យបើកវិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈទៅកាន់រាជរដ្ឋាភិបាលនាពេលនេះ គឺដោយយោងទៅតាមបញ្ហាខាងលើនេះ ដែលកំពុងកើតឡើងនៅក្នុងសមាគមន៍។ ជាមួយគ្នានេះ វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏បានដើរតួនាទីសំខាន់ មិនអាចខ្វះបាន ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស។
បើគិតដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានបណ្តុះបណ្តាល នៅក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញ នូវលទ្ធផលជាក់ស្តែងទាំងចំនួនបរិមាណផលិត និងគុណភាពផងដែរ។ ដោយ៖ ឃួន លក្ខិណា