ខេត្តក្រចេះ ៖ អាជ្ញាធរក្រុងក្រចេះ បានផ្អាកការសាងសង់ផ្ទះល្វែងក្នុង បុរី រីវឺដុលហ្វីន ក្រោយរកឃើញថា ជាសំណង់គ្មានច្បាប់អនុញ្ញត។
សំណង់ផ្ទះល្វែងក្នុងបុរី រីវឺដុលហ្វីន ចំនួន3ផ្ទះគ្មានច្បាប់ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មោះ រីន ចំណាន ស្ថិតក្នុងភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ អាជ្ញាធរអះអាងថា សំណង់កម្មសិទ្ធិ ឈ្មោះ រីន ចំណាន តែងតែសាងសង់លំនៅឋានលក់ភាគច្រើន គឺមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ និងមិនមានលក្ខណៈស្តង់ដារតាមបច្ចេកទេស។
អភិបាលក្រុងក្រចេះ លោក សេក ប៊ុនហេង បានឲ្យដឹងថា ក្រុមការងារសាលាក្រុងបានចុះត្រួតពិនិត្យជាក់ស្ដែង នៅការដ្ឋានសាងសង់លំនៅដ្ឋានផ្ទះល្វែងរបស់លោក រីន ចំណាន ឃើញថា មិនទាន់មានច្បាប់អនុញ្ញាតសាងសង់ ត្រឹមត្រូវពិតមែន ទើបតម្រូវឲ្យម្ចាស់ផ្ទះល្វែងបញ្ឈប់ការសាងសង់។
លោកអភិបាលក្រុងថា សំណង់ ដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ ឬជួលសំណង់អគារ ត្រូវប្រគល់ជូនរដ្ឋជាអ្នកគ្រប់គ្រង។ នៅពេលលោក រិន ចំណាន ធ្វើតាមកិច្ចការសន្យានៅក្នុងគម្រោងដោយរៀបចំប្រព័ន្ធលូរំដោះទឹក ធ្វើផ្លូវឲ្យមានសោភ័ណភាពល្អប្រសើរ នឹងឲ្យក្រុមជាងទៅចុះបញ្ជីវិញ្ញាបនប័ត្រ នៅរដ្ឋបាលខេត្តជាមុនសិន ទើបឲ្យសាងសង់បន្ត ។
លោកបន្តថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរតែងតែចុះហាមឃាត់ ការសាងសង់បុរីដុលហ្វីនឲ្យធ្វើតាមកិច្ចសន្យា។
រដ្ឋបាលក្រុងក្រចេះ បានបញ្ជាក់ថា ការចុះផ្អាកការសាងសង់ផ្ទះល្វែង នៅក្នុងបុរី រីវឺដុលហ្វីន លើកចុងក្រោយ គឺធ្វើឡើង កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ ក្រោមវត្តមានរបស់លោក សេង ភីណា អភិបាលរងក្រុងក្រចេះ៕ ត្នោត