ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋចំនួន១៥គ្រួសារបាននាំគ្នាទៅតវ៉ាសុំអន្តរាគមន៍ សូមឲ្យលោកអភិបាលខេត្តប៉ៃលិន ផាន់ ចាន់ធុល ជួយសម្រួលដល់ពួកគាត់ចំពោះករណីអាជ្ញាធរស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះរុះរើផ្ទះសម្បែង ដែលសាងសង់លើចំណីផ្លូវ ស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដាក់កំណត់ត្រឹមថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ ជាកំហិត។លើកគ្នាទៅធ្វើការតវ៉ាកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា ដីខាងលើនេះ គឺពួកគាត់រស់នៅជិត២០ឆ្នាំមកហើយ ដោយទិញពីគេតៗគ្នា រួចបានសាងសង់ផ្ទះរស់នៅរហូតមកដល់សព្វថ្ងៃនេះ ។ ហើយបើខាងអាជ្ញាធរដេញពួកគាត់ចេញពីកន្លែងនោះ តើឲ្យពួកគាត់ទៅនៅរស់នៅឯណា ព្រោះពួកគាត់គ្មានដីធ្លីផ្សេងទៀតនោះទេ ។ ម្យ៉ាងវិញទៀតពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋក្រីក្រជាកម្មករ ដើរស៊ីឈ្មួលគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះសឹងតែដាច់បាយក៍មាន។ធ្វើការសម្របសម្រួលនៅពេលនោះ លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានយល់ព្រមឲ្យប្រជាពលរដ្ឋរស់នៅបន្តទៀត រង់ចាំខាងរដ្ឋបាលខេត្តត្រៀមរកដីមួយកន្លែង ដើម្បីឲ្យពលរដ្ឋទាំង១៥គ្រួសារ ទៅរស់នៅ ដោយមួយគ្រួសារទទួលបានដីទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ ។ ចំណែកប្រជាពលរដ្ឋភាគច្រើន ទទួលយកការដោះដូរដីនេះ តែរង់ចាំសប្តាហ៍ក្រោយ បន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់ផងដែរ ៕ ត្នោត