កណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង២០នាទី រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវត្តចុងព្រែក ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1F-3045 បើកបរដោយឈ្មោះ ចាយ ថន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6926 បើកបរដោយឈ្មោះ លឹម ដា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ធ្វើដំណើរពីត្បូងទៅជើង បានបុកម៉ូតូ C100 កូរ៉េពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ភ្លាមៗនោះដែរ កម្លាំងប៉ុស្តិ៍រកាកោង២ បានចុះទៅពិនិត្យនិងវាស់វែង យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រីឯអ្នកបើកបរថយន្តបានឃាត់ខ្លួន។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ផេង ភាព