រាជធានីភ្នំពេញ៖ រថយន្តយីឌុបដឹកទំនិញអេតចាយមួយគ្រឿង ខណៈម្ចាស់ចតទុកនៅក្នុងឃ្លាំង សុខៗស្រាប់តែផ្ទុះឆេះចេញជាអណ្តាតភ្លើង រថយន្តនោះក៏រអិលទម្លុះទ្វារមកក្រៅលើផ្លូវថ្នល់ដោយគ្មានអ្នកបើក បង្កឱ្យការភ្ញាក់ផ្អើល កាលពីម៉ោង២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចទល់មុខឃ្លាំងអេតចាយមួយកន្លែងជិតនឹងច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។របាយការណ៍សមត្ថកិច្ចឲ្យដឹងថា រថយន្តដែលត្រូវភ្លើងឆាបឆេះខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D5486 មានផ្ទុកទំនិញអេតចាយពេញមួយរថយន្ត ដែលចតទុកក្នុងឃ្លាំង ។
បុគ្គលិកដែលស្នាក់នៅក្នុងឃ្លាំងនោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានសម្រាកលក់ដូចសព្វដង លុះមកដល់ម៉ោងកើតហេតុ ក៏ស្រាប់តែលឺសូរសំឡេងផ្ទុះ ភ្លាមៗនោះ ពួកគាត់ក៏ចេញមកមើលស្រាប់តែឃើញរថយន្តខាងលើមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅទៅហើយ។
ខណៈពេលដែលកំពុងតែឆាបឆេះនោះ ស្រាប់តែរថយន្តរអិលចុះពីចំណោទដែលគ្មានមនុស្សបើកសោះ រួចក៏ជ្រុលទៅបុកទ្វាររបងចេញមកក្រៅមកនៅលើផ្លូវថ្នល់តែម្តង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញរថយន្តត្រូវភ្លើងឆាបឆេះហើយ ពួកគាត់ក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលល្បាតឆ្លងកាត់ទីនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជិត១០បំពង់មកបាញ់ និងខ្លះទៀតបានយកទឹកមកជះជួយពន្លត់ ទើបធ្វើឱ្យភ្លើងរលត់ទៅវិញអស់នៅម៉ោង៣យប់ថ្ងៃដដែល ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីនេះមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ គឺគ្រាន់តែខូចក្បាលរថយន្ដមួយកំណាត់មុខអស់ទាំងស្រុងតែប៉ុណ្ណោះ ហើយករណីខាងលើនេះ តាមការសន្និដ្ឋានជាជំហានដំបូង គឺបណ្ដាលមកពីឆ្លងចរន្តក្បាលអាគុយ ទើបបណ្ដាលឲ្យមានការឆាបឆេះបែបនេះ ចំណែកចំពោះករណីផ្សេងៗទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមក្រោយជាបន្តទៀត ៕ ត្នោត