ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៨០ប៊ីលានដុល្លារ លោកមហាសេដ្ឋីវ៉ារេន បាហ្វេត (Warren Buffett) ស្ថិតក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក។ ទោះជាទ្រព្យសម្បត្តិភាគច្រើនរបស់លោកមានប្រភពមកពីការវិនិយោគលើភាគហ៊ុនពិតមែនក្តី អាប្បកិរិយា និងផ្នត់គំនិតមួយចំនួនរបស់លោកក៏បានជួយឲ្យលោកក្លាយជាអ្នកមានដែរ។ខាងក្រោមគឺជាមេរៀនសំខាន់ៗដែលជួយឲ្យលោកបាហ្វេតក្លាយជាមហាសេដ្ឋី៖
១. កុំពឹងផ្អែកលើប្រភពចំណូលតែមួយ
ការមានប្រភពចំណូលច្រើនអាចជួយការពារអ្នកសម្រាប់ពេលដែលមានវិបត្តិ។ ប្រភពចំណូលទីពីររបស់អ្នកគួរជាការប្រើជំនាញ ឬការប្រកបអាជីវកម្មលក់ផលិតផលផ្សេងៗដែលមិនពាក់ព័ន្ធនឹងប្រភពចំណូលទីមួយរបស់អ្នក ។ ដំបូន្មានមួយនេះពិតជាមានតម្លៃណាស់ខណៈដែលប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងកូវីដ ១៩ ដែលបានធ្វើឲ្យប្រាក់ចំណូលរបស់មនុស្សជាច្រើនជួបប្រទះការកាត់បន្ថយ។
២. ប្រសិនបើអ្នកទិញអ្វីដែលអ្នកមិនត្រូវការ អ្នកនឹងត្រូវលក់អ្វីដែលអ្នកត្រូវការក្នុងពេលឆាប់ៗលោកមហាសេដ្ឋីបាហ្វេតនៅរស់នៅក្នុងផ្ទះដែលលោកបានទិញនៅឆ្នាំ ១៩៥៨ ព្រោះលោកទិញតែអ្វីលោកគិតថានឹងបង្កើនគុណភាពជីវិតរបស់លោកប៉ុណ្ណោះ ហើយផ្ទះធំស្កឹមស្កៃមិនមែនជាអ្វីដែលជួយឲ្យលោកសម្រេចបានគោលដៅនេះទេ។ មេរៀននេះមានសារៈសំខាន់ណាស់ខណៈដែលមនុស្សកាន់តែច្រើនចាប់ផ្តើមធ្វើការទិញទំនិញអនឡាញ ដែលបង្កជាបញ្ហាក្នុងការកាត់បន្ថយការខ្ជះខ្ជាយលុយ។
៣. មនុស្សដែលអង្គុយក្រោមម្លប់ថ្ងៃនេះគឺព្រោះតែនរណាម្នាក់ដែលបានដាំដើមឈើយូរមកហើយមេរៀនចុងក្រោយដែលបានជួយដល់លោកមហាសេដ្ឋីបាហ្វេតគឺទាក់ទិននឹងការកសាងទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិមិនត្រូវបានកសាងក្នុងរយៈពេលមួយយប់ទេ។ ដូច្នេះអ្នកត្រូវតែចាប់ផ្តើមវិនិយោគតាំងពីនៅវ័យក្មេង។
មនុស្សជាច្រើនភ័យខ្លាចបរាជ័យ ដូច្នេះពួកគេជៀសវាងការសាកល្បងវិនិយោគ។ ប៉ុន្តែមិនមាននរណាម្នាក់ដែលកើតមកដោយចេះដឹងក្នុងការវិនិយោគទេ ដូច្នេះអ្នកត្រូវតែរៀនសូត្របន្ថែម និងសួរនាំអ្នកដែលមានបទពិសោធន៍ប្រសិនបើអ្នកចង់កសាងទ្រព្យសម្បត្តិទៅថ្ងៃមុខ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព