សម្រាប់មនុស្សមួយចំនួន ការមានអាជីពក្នុងវិស័យកីឡាប្រៀបបានជាក្តីសុបិនដែលមិនអាចក្លាយជាការពិតបានទេ។ ក្រៅពីការទាមទារផ្នែករូបវន្តហើយ មនុស្សដែលមានក្តីសុបិនចង់ធ្វើជាកីឡាករមិនមានឱកាសច្រើនក្នុងការជោគជ័យទេ។ យ៉ាងណាក្តី កីឡាករដែលជោគជ័យស្ថិតក្នុងចំណោមបុគ្គលដែលរកបានប្រាក់ចំណូលច្រើនជាងគេដែរ។
ខាងក្រោមគឺជាអាជីពក្នុងវិស័យកីឡាដែលរកចំណូលបានច្រើនជាងគេ៖
១. កីឡាករបាល់បោះ
កីឡាករបាល់បោះជាអាជីពមិនត្រឹមតែចូលរួមលេងក្នុងការប្រកួតទេ ពួកគេតែងតែព្យាយាមធ្វើលំហាត់ប្រាណដើម្បីអនុញ្ញាតឲ្យពួកគេឈានមុខអ្នកដទៃជានិច្ច។ ពួកគេត្រូវធ្វើការហ្វឹកហាត់ជាប្រចាំជាមួយសមាជិកក្រុម និងដោយម្នាក់ឯងផងដែរ។
កីឡាករបាល់បោះប្រចាំសមាគមន៍បាល់បោះជាតិ (NBA) រកចំណូលបានច្រើនជាងគេលើលោកដែលមានប្រាក់បៀវត្សន៍ក្នុងមួយឆ្នាំជាធម្យម ៧,៤២២,៨២៣ដុល្លារ ក្នុងរវាងឆ្នាំ ២០១៨ ទៅ ២០១៩។
២. កីឡាករ Baseball
កីឡាករប្រចាំ Major League Baseball (MLB) ត្រូវឆ្លងកាត់ការហ្វឹកហាត់លត់ដំយ៉ាងលំបាកដើម្បីពង្រឹងកម្លាំង និងភាពបត់បែន។ លើសពីនេះទៅទៀត កីឡាករត្រូវឧស្សាហ៍ធ្វើដំណើរទៅវិញទៅមកដើម្បីចូលរួមការប្រកួតផងដេរ។កីឡាករប្រចាំ MLB អាចរកប្រាក់ចំណូលក្នុងមួយឆ្នាំជាមធ្យមប្រមាណ ៤.៥២លានដុល្លារក្នុងឆ្នាំ ២០១៨។ លើសពីនេះទៅទៀត កុងត្រានីមួយៗរបស់ពួកគេមានផ្តល់នូវសេវាសន្តិសុខ និងអត្ថប្រយោជន៍ដទៃផងដែរ។
៣. កីឡាករ Hockey
កីឡាករ Hockey ជាអាជីពជួបនូវការលំបាកជាច្រើនមុននឹងអាចក្លាយជាកីឡាករដែលចូលរួមការប្រកួតធំៗបាន។ ប៉ុន្តែកីឡាករប្រចាំ NHL អាចរកចំណូលប្រចាំឆ្នាំជាធម្យមរវាង ២.៣៥ លាន ទៅ ៣.៦៧លានដុល្លារ។
៤. កីឡាករបាល់ឱប (Football)
កីឡាករប្រចាំ National Football League (NFL) ស្ថិតក្នុងចំណោមកីឡាករដែលប្រើកម្លាំងច្រើនជាងគេ។ កីឡាករមិនត្រូវមានចំណេះដឹងច្រើនផ្នែកយុទ្ធសាស្ត្រក្នុងការប្រកួតទេ តែពួកគេត្រូវមានសមត្ថភាពក្នុងការសហការជាមួយសមាជិកដទៃក្នុងក្រុម និងត្រៀមខ្លួនក្នុងការមានរបួសផងដែរ។
ប្រាក់ចំណូលជាមធ្យមសម្រាប់កីឡាករ NFL ជាច្រើនមានរវាង ២.០៧លាន ទៅ ២.៩៩លានដុល្លារក្នុងឆ្នាំ ២០១៧ ទៅ ២០១៨ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព