ពេលដែលអ្នកទទួលបានការព្រមានពីកន្លែងការងារ មិនថាជាទម្រង់ពាក្យសម្តី ឬមានការសរសេរជាក់លាក់ទេ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងលើវា។ វាជាមុខសញ្ញាបង្ហាញថាកន្លែងការងាររបស់អ្នកមិនពេញចិត្តនឹងការងាររបស់អ្នក ឬអាកប្បកិរិយារបស់អ្នកជាដើម ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរធ្វើប្រសិនបើអ្នកធ្លាក់ខ្លួនក្នុងស្ថានការខាងលើ៖
១. រក្សាចិត្តឲ្យស្ងប់
ក្នុងពេលដែលអ្នកចូលរួមការពិភាក្សាទាក់ទិននឹងការព្រមានរបស់អ្នក និងបន្ទាប់ពីនោះ អ្នកត្រូវតែជៀសវាងអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងអាកប្បកិរិយា និងការគិតរបស់អ្នក។ ជាពិសេសកំហឹង ឬការបង្ហាញនូវការមិនពេញចិត្តទោះជាវាមិនងាយស្រួលដូចនិយាយពិតមែនក្តី។ អ្នកត្រូវតែរក្សាចិត្តឲ្យបានស្ងប់។
២. កត់ត្រា
បន្ទាប់ពីអ្នករក្សាចិត្តបានស្ងប់ហើយ អ្នកគួរតែកត់ត្រាទុកនូវចំណុចដែលបានលើកឡើងទាក់ទិននឹងការព្រមានរបស់អ្នក។ អ្នកត្រូវកត់ចំណាំនូវមូលហេតុដែលបង្កឲ្យអ្នកទទួលបានការព្រមាននោះ និងអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃមុខដើម្បីជៀសវាងស្ថានការនេះទៀត។
៣. ការពារខ្លួនឯង
ប្រសិនបើអ្នកមិនយល់ស្របទៅនឹងមូលហេតុដែលបង្កឲ្យអ្នកទទួលបានការព្រមាន និងអ្នកគិតថាអ្នកគួរតែការពារខ្លួនឯងនោះ អ្នកអាចនិយាយការពារខ្លួនបានដោយបកស្រាយពីគោលជំហររបស់ខ្លួនវិញ។ ប៉ុន្តែអ្នកត្រូវតែជៀសវាងការបង្ហាញថាអ្នកកំពុងតែដោះសារ។
៤. សួរពីអ្វីដែលអ្នកត្រូវកែសម្រួល
មុនពេលអ្នកចាកចេញពីការប្រជុំ ឬចុះហត្ថលេខាទទួលស្គាល់ការព្រមាន អ្នកត្រូវតែដឹងជាមុនសិននូវអ្វីដែលអ្នកបានធ្វើខុស និងអ្វីដែលអ្នកត្រូវកែសម្រួលសម្រាប់ថ្ងៃមុខ។ អ្នកអាចសួរឲ្យត្រង់ៗបាន ហើយវាអាចបង្ហាញប្រាប់កន្លែងការងាររបស់អ្នកបានដែរថាអ្នកជាមនុស្សដែលដឹងកំហុសនិងព្យាយាមកែសម្រួលខ្លួន។
៥. ឧស្សាហ៍សុំមតិយោបល់
គ្រាន់តែសន្យាថាអ្នកនឹងកែខ្លួនគឺមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវតែធានាថាអ្នកពិតជាបានផ្លាស់ប្តូរ និងកែសម្រួលកំហុសឆ្គងដែលបានប្រព្រឹត្តពិតមែនប្រសិនបើអ្នកគិតថាអ្នកពិតជាខុស។ ពេលដែលអ្នកចូលប្រជុំជាមួយនឹងអ្នកគ្រប់គ្រង អ្នកអាចសុំមតិយោបល់របស់ពួកគេលើការងារ ឬអាកប្បកិរិយារបស់អ្នកបាន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព