Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុណ្យផ្កាយអនឡាញ២០២០ ជាសក្ខីភាព នៃទំនាក់ទំនងកម្ពុជា-ជប៉ុន

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០៤មក តាណាបាតា ឬ ពិធីបុណ្យផ្កាយ តែងធ្វើឡើងជារៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានយុវជន សិស្ស និស្សិត និងសាធារណៈជនចូលរួមយ៉ាងច្រើនកុះករ។ ផ្ទុយស្រឡះពីឆ្នាំមុនៗ ឆ្នាំនេះពិធីបុណ្យផ្កាយត្រូវធ្វើឡើងតាមអនឡាញ នៅលើផេកហ្វេសប៊ុកស្ថានទូតជប៉ុនវិញ ​​ដោយសារតែបញ្ហាកូវីដ១៩។

ប្រកាសបើកពិធីបុណ្យផ្កាយអនឡាន២០២០ ឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាលោក Masahiro MIKAMI បានឲ្យដឹងថា តាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង។

លោកទូតថា បានអញ្ជើញបងប្អូនសាធារណៈជនទាំងអស់ចូលរួមផ្ញើបំណងប្រាថ្នាទៅកាន់ស្ថានទូតជប៉ុន ជាលទ្ធផលទទួលបាន ៤២០បំណងប្រាថ្នា ហើយលោកបានយកបំណងប្រាថ្នាទាំងនោះទៅចងនៅដើមឬស្សីបានយ៉ាងស្រស់ស្អាត។ លោក ឯកអគ្គរដ្ឋទូតជប៉ុន បានបួងសួងឲ្យបំណងប្រាថ្នារបស់អស់លោក លោកស្រី និងក្មួយៗទាំងអស់ ក្លាយជាការពិត។

អញ្ជើញចូលរួមបុណ្យផ្កាយតាមអនឡាន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានសម្តែងការគាំទ្រចំពោះការប្រារព្ធពិធីបុណ្យ​នេះ។ លោករដ្ឋមន្ត្រីថា កន្លងមកពិធីបុណ្យនេះបានចូលរួមចំណែក ក្នុងការសម្រេចបាននូវទស្សនវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ ពិធីបុណ្យផ្កាយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រមូលផ្តុំវប្បធម៌ចម្រុះ រួមទាំងក្រុមអ្នកសិក្សាកម្ពុជា​​-ជប៉ុន នៅតាមគ្រឹះស្ថានឧត្តមសិក្សា វិទ្យាល័យ និងសាធារណៈជនទូទៅផងដែរ។ ទស្សនិកជនចម្រុះវប្បធម៌ទាំងនេះ គឺជាធនធានមនុស្សដែល នឹងធ្វើការរួមគ្នានាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគតដើម្បីសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ចំណែក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានថ្លែងថា កម្ពុជា និងជប៉ុនមានទំនាក់ទំនងជាមួយគ្នាជាយូរអង្វែងមកហើយ ដោយរួមបញ្ជូលទាំងទំនាក់ទំនងការទូតផងដែរ។ ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ក្នុងការស្វែងរកសុខសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើន ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ។ ទោះបីជាឆ្នាំនេះ មានវិបត្តិកូវីដ១៩នៅទូទាំងពិភពលោកក្តី ក្នុងនាមជាមិត្តល្អ ជប៉ុនមិនដែលទុកកម្ពុជាចោលនោះទេ ហើយថែមទាំងបានផ្តល់នូវសម្ភារដើម្បីប្រយុទ្ធកូវីដ១៩ថែមទៀតផង។ ព្រិត្តិការណ៍អនឡាញ តាណាបាតា២០២០ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្កិការវប្បធម៌កម្ពុជា-ជប៉ុន។

សូមបញ្ជាក់ថា ​ពិធីបុណ្យផ្កាយអនឡាញ២០២០ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់១២ ខែកក្កដាឆ្នាំ ២០២០។ មានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើន នៅលើទំព័រហ្វេសប៊ុកព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ២០២០ ដូចជារបៀបតុបតែងដើមឫស្សីតាណាបាតា សិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចល ដែលបានទទួលពាន់រង្វាន់ Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា “ យូកាតា” និង“ ក្បិន” របៀបបត់ក្រដាស “អូរីហ្កាមិ” និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន និងកម្មវិធីជាច្រើនទៀត៕ ប៊ុនធឿន

 

from: https://tnaot.com/km/m/detail/article/9478046