មន្ត្រីឧទ្យានុរក្ស ចាប់បានក្រុមអ្នកបរបាញ់សត្វកំពុងរត់ពន្ធប្រភេទសត្វអណ្តើកជិតផុតពូជចេញពីតំបន់ជួរភ្នំក្រវាញ ទៅលក់នៅប្រទេសវៀតណាម និងចិន
(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា ក្រុមអ្នកបរបាញ់សត្វបានកំពុងរត់ពន្ធប្រភេទសត្វអណ្តើកជិតផុតពូជទាំងនេះចេញពីតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ គោលដៅរបស់ពួកបរបាញ់សត្វគឺការនាំចេញសត្វអណ្តើកទាំងនេះទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិនដែលជាទីកន្លែងជួញដូរសត្វព្រៃខុសច្បាប់។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានបន្តថា ជាសំណាងល្អ មន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រសួងបរិស្ថានប្រចាំស្នាក់ការត្រពាំងរូងបានចេញប្រតិបត្តិការទាន់ពេលវេលាដោយចាប់បានក្រុមអ្នកបរបាញ់ និងបានដកហូតសត្វអណ្តើកទាំងនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា មាន០១ក្បាល ក្នុងចំណោមសត្វអណ្តើកទាំង០៦ក្បាលនេះ គឺប្រភេទសត្វអណ្តើកកំពុងរងគ្រោះជិតផុតពូជដែលត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយមានមន្ត្រីឧទ្យានុរក្សរបស់យើងចំនួនជាង១៤០នាក់ កំពុងធ្វើការការពារជារៀងរាលថ្ងៃ ២៤ម៉ោងក្នុងមួយសប្តាហ៍៕