រាជធានីភ្នំពេញ ៖ មានការផ្ទុះអាវុធ២គ្រាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយបុរសជាមេការសំណង់ម្នាក់ បានបាញ់ផ្ជុចផ្លូវបេតុង ដើម្បីគំរាមក្រុមកម្មករសំណង់ក្នុងពេលដែលមានទំនាស់ពាក្យសម្ដីគ្នារឿងបើកលុយមិនគ្រប់ចំនួន បណ្ដាលឲ្យខ្ទាតបំណែកគ្រាប់ត្រូវជើងកម្មករម្នាក់រងរបួស បន្ទាប់មកបុរសជាមេការសំណង់បានជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល។ប្រភពបញ្ជាក់ថា បុរសជាមេការសំណង់ខាងលើឈ្មោះ អ៊ឹង ឆេងវ៉េង អាយុ៤០ឆ្នាំ មុខរបរជាមេការសំណង់ ស្ថិតនៅក្នុងបុរីកើតហេតុខាងលើ ដោយប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក១ដើម ដែលបាញ់គ្រាប់ប្រភេទម៉ាកកាំភ្លើងឡុក នេះបើយោងតាមការបន្សល់ទុកសំបកគ្រាប់១នៅនឹងកន្លែងកើតហេតុ ហើយនគរបាលកំពុងតាមចាប់ខ្លួនជននេះហើយ។
ដោយឡែកបុរសរងគ្រោះឈ្មោះ ប៊ុន ច័ន្ទតុលា អាយុ៣៣ឆ្នាំ មុខរបរកម្មករ ដាក់ប្រព័ន្ធលូ រងរបួសជើងទាំង២តែម្ដង មានទីលំនៅក្នុងភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល ។បុរសរងគ្រោះបានប្រាប់ថា ការផ្ទុះអាវុធនេះ បង្កឡើងដោយទំនាស់ពាក្យសម្ដីរវាងមេការសំណង់ និងក្រុមកម្មករ ក្នុងនោះក៏មានរូបគាត់ផងដែរ ដោយសារតែគាត់រួមនឹងកម្មករផ្នែកប្រព័ន្ធលូមួយចំនួនទៀត បានធ្វើការជាច្រើនថ្ងៃមកហើយ រហូតមកដល់ថ្ងៃកើតហេតុនេះ គឺត្រូវបើកលុយដើម្បីយកមកចែកគ្នាប្រើប្រាស់តាមតម្រូវការ ហើយបានសុំបើកចំនួន៥០០ដុល្លារ ទើបអាចបែងចែកគ្រប់ៗគ្នា។ជនរងគ្រោះបន្តថា ខណៈនោះស្រាប់តែបុរសជាមេការសំណង់បានបើកឲ្យតែ១៥០ដុល្លារសម្រាប់យកមកចែកគ្នាមួយហ្វូងប៉ុណ្ណោះ ទើបរូបគាត់ ព្រមទាំងកម្មករទាំងអស់មិនព្រមឡើយ ព្រោះតែយកមកចែកគ្នាបានតិចតួចពេក។
បុរសរងគ្រោះបន្តទៀតថា បន្ទាប់មកក៏បាននាំគ្នាតវ៉ាទាមទារឲ្យបាន៥០០ដុល្លារ ទើបព្រមយក ប៉ុន្តែមេការនោះនៅតែឲ្យត្រឹម១៥០ដុល្លារដដែល ជាហេតុបង្កឲ្យមានទំនាស់ពាក្យសម្ដីកើតឡើងតឹងសរសៃ.កដាក់គ្នាទៅវិញទៅមក។ភ្លាមៗនោះ មេការក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ផ្ជុចផ្លូវបេតុង២គ្រាប់ផ្ទួនៗ បណ្តាលឲ្យខ្ទាតបំណែកត្រូវចំជើងគាត់រងរបួសហូរឈាមតែម្តង បន្ទាប់មកបុរសមេការសំណង់រូបនេះបានរើសយកសំបកគ្រាប់កាំភ្លើង១គ្រាប់ដាក់ហោប៉ៅ រួចម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល និងនៅសល់សំបកគ្រាប់១គ្រាប់ទៀតរើសអត់ទាន់បន្សល់ទុកនៅនឹងកន្លែងកើតហេតុ។
នេះគឺជាសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ ដែលគ្រាន់តែធ្វើឲ្យគាត់រងរបួសមិនបាត់បង់អាយុជីវិត ហើយគាត់ក៏សំណូមពរដល់សមត្ថកិច្ចជួយឃាត់ខ្លួនមេការសំណង់ខាងលើដើម្បីរកយុត្តិធម៌ដល់គាត់ផង៕ ត្នោត