ភ្នំពេញ៖ រកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីទៀត លើបុរសខ្មែរធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ។
អ្នកជំងឺកូវីដ-១៩ ទាំង១៥នាក់នោះ មាន៧នាក់ មកពីខេត្តត្បូងឃ្មុំ ៣នាក់មកពីខេត្តកណ្តាល ២នាក់មកខេត្តតាកែវ ២នាក់នៅភ្នំពេញ និង១នាក់ទៀតមកពីខេត្តក្រចេះ។ ពួកគេទាំង១៥នាក់ មានអាយុចាប់ពី២១ឆ្នាំទៅ៣០ឆ្នាំ។
សេចក្តីជូនដំណឹងបញ្ជាក់ថា អ្នកជំងឺថ្មីទាំង១៥នាក់នោះ ត្រូវបានក្រសួង ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែក អ្នកធ្វើដំណើរជាមួយអ្នកទាំង១៥នាក់នោះ ក្រោយធ្វើតេស្តចេញលទ្ធផលអវិជ្ជាមានវីរុសកូវីដ-១៩ ក្រសួង បានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូរវ័ន។
មកដល់ថ្ងៃទី១២ កក្កដានេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥៦នាក់ហើយ ក្នុងនោះបានជាសះស្បើយវិញ១៣៣នាក់ ខណៈ២៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕ ប៊ុនធឿន