ប្រជាពលរដ្ឋ៨៧គ្រួសារ រស់នៅលើផ្លូវសាធារណៈលេខ ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បានស្ម័គ្រចិត្តរុះរើផ្ទះរបស់ខ្លួន ដើម្បីទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋាភិបាលបានសម្រេចផ្តល់ជូនដីឡូតិ៍ទំហំ៤ គុណ១៥ម ក្នុងមួយខ្នងផ្ទះ ដែលតបតាមសំណើ របស់ប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន៨៧ខ្នងផ្ទះនេះ។
មកនៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋ៨៧គ្រួសារ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួន ជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារ និងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មី ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជាមួយគ្នានេះ អាជ្ញាធរក៏បានរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្នមួយរយៈ សម្រាប់ពួកគាត់ត្រៀមទុកជាស្រេចផងដែរ៕ ដោយ៖ ត្នោត