ខេត្តស្ទឹងត្រែង ៖ សង្វៀនបញ្ជល់មាន់បង្កប់ល្បែងខុសច្បាប់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋានខេត្តស្ទឹងត្រែងចុះ បង្ក្រាប និងរុះរើដុតកំទេចចោល ដែ លមានទីតាំងស្ថិតនៅចំណុចអូរចំបក់ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០។
កម្លាំងនគរបាលដឹកនាំដោយលោក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីបានចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ព្រមទាំងបានឃាត់ខ្លួនម្ចាស់បើកទីតាំងម្នាក់ឈ្មោះ លាង ហេង ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនដូចជាស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំ ទូលក់ភេសជ្ជៈមួយគ្រឿង តង់សម្រាប់ប្រក់ដំបូលពីរ និងសង្ក័សីពីរ។
ម្ចាស់សង្វៀនមាន់ខាងលើត្រូវបាននគរបាលបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងទៅតុលាការ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព