ពោធិ៍សាត់ ៖ ប្រុសស្រី ២នាក់ ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រង់ចំណុចផ្លូវកោង ត្រូវរថយន្ត TOYOTA HILUX បើកដោយយោធាម្នាក់ បុកពេញទំហឹង រងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ (ចំណុចផ្លូវកោង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ-2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ (ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុ ស្រីដា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅ
ស្ដាំ(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្នរស់នៅភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ផេង ភាព