មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងប្រទេសអាស៊ានទាំង១០ បានឯកភាពគ្នាផ្អាក ការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន(ASEAN Armies Rifles Meet) ឆ្នាំ២០២០ ដោយជំនួស មកវិញ នូវការរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការ កងទ័ពជើងគោកអាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈប្រព័ន្ធ Virtual Conference នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធ Virtual-Conference ដោយមេបញ្ជាការកងទ័ពជើងគោកអាស៊ានចំនួន ៩ប្រទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិភាក្សាផ្តោតទៅលើការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន(ASEAN Armies Rifles Meet) និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ រួមទាំងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាប្រឈមរួមគ្នា គឺការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលពិភពលោកនិងអាស៊ានកំពុងជួបប្រទះ។
កិច្ចពិភាក្សានេះ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍អំពីវិធានការនានា ដែលរដ្ឋាភិបាល និងកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាននីមួយៗបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសអាស៊ានទាំង១០ បានលើកឡើងអំពីតម្រូវការ នៃការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងគោកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។
តាមរយៈការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិធានការឆ្លើយតបទាំងឡាយដែលសមស្រប ។
មេបញ្ជាការកងទ័ពជើងគោកអាស៊ាន បានឯកភាពគ្នាក្នុងការដែលកងទ័ពជើងគោកនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់កងទ័ពជើងគោកអាស៊ាន សម្រាប់ឆ្នាំ២០២១៕ ដោយ៖ ត្នោត