ខេត្តព្រះសីហនុ ៖ សាលារៀនសរុបចំនួន ១០១ នៅទូទាំងខេត្តព្រះសីហនុត្រៀមបើកដំណើរការឡើងវិញ ខណៈការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលជុំវិញការការពារការឆ្លងវីរុសកូវីដ ១៩ ត្រូវរឹតបន្តឹង ។
ថ្លែងនៅឯកិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញកាលពីរសៀលថ្ងៃទី ៧ ខែកញ្ញា
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា នៅខេត្តព្រះសីហនុមានសាលា ១០១ ក្នុងនោះសាលាមត្តេយ្យ ១សាលា, បឋមសិក្សាមាន ៧២សាលា, អនុវិទ្យាល័យ ១៨សាលា, វិទ្យាល័យ ៩សាលា និងសាលាគរុកោសល្យ និងវិក្រិត្យការ០១ ហើយមានសិស្សសរុបចំនួន ៤១,៩៧២នាក់ ក្នុងនោះស្រីចំនួន ២០,៧៣៨នាក់។
សម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០ សិស្សថ្នាក់ទី៩ ចំណេះទូទៅ និងបំពេញវិជ្ជាសាធារណៈ និងឯកជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានចំនួន ២,៥៩១នាក់ ស្រី ១,២៨៦នាក់។
បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៩-២០២០ មានចំនួន ១,៦៦១នាក់ ក្នុងនោះស្រី ៨៤២នាក់ ចែកចេញជាពីរផ្នែក គឺ ៖
ផ្នែកទី១- ថ្នាក់វិទ្យាសាស្ត្រមានសិស្សចំនួន ៥៣៨នាក់ ស្រី ៣០០នាក់ (ផ្នែកភាសាអង់គ្លេសចំនួន ៥៣៦នាក់ ស្រី ២នាក់ និងផ្នែកភាសាបារាំងចំនួន ២នាក់ ស្រី) និងផ្នែកទី២ ថ្នាក់វិទ្យាសាស្ត្រសង្គមមានសិស្សចំនួន ១,១២៣នាក់ ស្រី ៥៤២នាក់។
លោកស្រី ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឱ្យក្រសួងអប់រំបើកដំណើការសាលារៀនឡើងវិញ ចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលទី១ បើកកាលពីខែសីហា ឆ្នាំ២០២០កន្លងមក ដែលមានសាលា២០ ដែលបានអនុវត្តតាមស្តង់ដាបទដ្ឋានបច្ចេកទេស ដោយតម្រូវក្នុងមួយបន្ទប់មានសិស្សមិនលើស ២០នាក់។ ដំណាក់កាលទី២ បើកទូទាំងប្រទេសចែកចេញជាពីរ ទី១ មានខេត្តចំនួន៤ បើកគ្រប់កម្រិតសិក្សាក្នុងទីប្រជុំជនខេត្ត ដែលមិនមានហានីភ័យជំងឺ Covid-១៩ មានដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ដោយឡែកខេត្តផ្សេង ទៀតបើកថ្នាក់ត្រៀមប្រឡងទី៩ និងទី១២ និងសាលា បឋមសិក្សា។
ហើយការបើកសាលាដំណាក់កាលទី៣ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខ ទន្ទឹមនោះដែរ ក្រសួងអប់រំបានដាក់ចេញនូវវិធានការឱ្យសិស្សរៀនតាមប្រព័ន្ធអេឡិចត្រូនិច និងតាមបែបប្រពៃណី សម្រាប់សិស្យត្រៀមប្រឡងយកសញ្ញាបត្រ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់មន្ត្រីអប់រំ បានខិតខំប្រឹងប្រែង ដើម្បីជំរុញចុះឈ្មោះសិស្សថ្នាក់ទី១២ សិក្សាតាមប្រព័ន្ធអនឡាញបាន ១០០ភាគរយ និងចុះជំរឿនសិស្សតាមភូមិ-ឃុំ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ។ ការអប់រំវាមានសារសំខាន់ ក៏ប៉ុន្តែបញ្ហាសុខភាព និងអាយុជីវិតមនុស្សវាជារឿងសំខាន់ជាង។
លោក អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់នាយក នាយិកាសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យសុខភាពសិស្សជាប់ជាប្រចាំ ដើម្បីយើងមានវិធានការចូលរួមទប់ស្កាត់ជំងឺ Covid-១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍របស់យើង យើងត្រូវរស់នៅតាមបែបកន្លងថ្មី។
ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានផ្ដល់ម៉ាស៊ីនវាស់កំដៅចំនួន ១៣០គ្រឿង ម៉ាស ២,០០០ប្រអប់ ទឹកអាកុលចំនួន ១០០ធុង សាប៊ូលាងដៃ ២,០០០ដុំ និងកំប៉ុងបាញ់ទឹកអាល់កុល ៤,០០០ ដល់មន្ទីរអប់រំ ដើម្បីធ្វើការចែកទៅតាមសាលានានាក្នុងខេត្តព្រះសីហនុ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព