ជនជាតិវៀតណាម បានដាក់ពាក្យស្នើសុំបណ្ណស្នាក់នៅច្រើនជាងគេ រហូតដល់ទៅជិត២ម៉ឺននាក់ បើធៀបជាមួយនឹងជនជាតិថៃ មានត្រឹមតែ១១៧នាក់ ឡាវចំនួន ១៥១នាក់ និងចិនមានចំនួន២២នាក់ប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញនេះ។
ជាមួយគ្នានេះ ជនបរទេសអន្តោប្រវេសន៍នៅទូទាំងប្រទេស បានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ៨៩.៧៨៦នាក់ ដែលស្មើនឹង ២៨.៩៤៥ គ្រួសារ និង១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ថៃ ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លាដេស តង់ហ្សានី និងអាឡឺម៉ងជាដើម។
ការសម្រេចផ្តល់បណ្ណស្នាក់នៅដល់ជនបរទេស គឺដោយសារតែកន្លងមកនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យ ចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច។
យោងតាមហេតុផលខាងលើនេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ដឹកនាំ និងបានទទួលនូវការគាំទ្រពីប្រមុខរដ្ឋាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការបេ្តជ្ញាចិត្ត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។
បច្ចុប្បន្ននេះ ជនបរទេសដែលមានចំនួនដូចបានរៀបរាប់ខាងលើ កំពុងត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍(សុពលភាព ០២ឆ្នាំម្តង) ជាបន្តបន្ទាប់ ដើម្បីដាក់ពួកគេឱ្យស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចនានាតាមការកំណត់។
សូមបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ បានធ្វើការដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ចាប់តាំងពីដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧ ស្មើនឹង១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់៕ ដោយ៖ ឃួន លក្ខិណា