បារាំង ៖ លោកតា ជនជាតិបារាំងម្នាក់ ក្នងវ័យ៨០ឆ្នាំ រៀបចំអាហារពេលល្ងាចរួចរាល់ រូបគាត់ ហៀបនឹងហូបបាយទៅហើយ ស្រាប់តែមានសត្វរុយ១ក្បាល ហើរមករំខាន ហើរមកទំលើម្ហូបអាហារ ហើរមកទំលើខ្លួនប្រាណគាត់ ធ្វើអោយលោកតាគាត់ខឹងនឹងសត្វរុយខ្លាំង ហើយព្យាយាមដេញតាមវាយសម្លាប់រុយនោះ រហូតដល់កើតជាអគ្គិភ័យឆេះខ្ទេចផ្ទះបាយ នេះបើយោងតាម BBC ។
ករណីផ្ទុះឆេះផ្ទះបាយនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃសុក្រ ទី៤ ខែកញ្ញា ២០២០នេះ នៅក្នុងភូមិ Parcoul-Chenaud ក្នុងឃុំ Dordogne ស្ថិតនៅភាគនិរតី នៃប្រទេសបារាំង ។
យោងតាមសារព័ត៌មានក្នុងស្រុក បានផ្សាយដោយសុំមិនបញ្ចេញឈ្មោះ អោយដឹងថា លោកតាបានកាន់យកឧបករណ៍អេឡិចត្រូនិច ដែលរចនាឡើងដូច(រ៉ាកែត) ដើម្បីសម្លាប់សត្វល្អិត ចាប់ផ្តើមដេញតាមវាយរុយនោះ ប៉ុន្តែចៃដន្យអី ធុងហ្គាសមួយបានធ្លាយ នៅក្នុងផ្ទះបាយរបស់គាត់ ធ្វើអោយចំហេះប្រតិកម្មរវាង រ៉ាកែត និងហ្គាស បណ្តាលឲ្យផ្ទុះឆាបឆេះបំផ្លាញផ្ទះបាយ និងខូចខាតផ្នែកខ្លះ នៃដំបូលផ្ទះ តែម្តង ។
ក្រោយកើតហេតុភ្លាមៗ លោកតាជនជាតិបារាំង មានសំណាងល្អ មិនគ្រោះថ្នាក់ដល់ជីវិតទេ ពោលគឺគាត់រត់គេចខ្លួនទាន់ពេល ដោយគ្រាន់តែរងរបួសរលាកដៃស្រាល តែប៉ុណ្ណោះ ។
ទោះយ៉ាងណា ជោគវាសនា នៃសត្វរុយ១ក្បាលនេះ នៅមិនទាន់ដឹងនៅឡើយទេថា ងាប់ក្នុងភ្លើង ឫមួយក៏នៅរស់ទេ ? ខណៈដែល តាបារាំងរងគ្រោះរូបនេះ ត្រូវបានដឹកទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងបន្តព្យាបាល ។ ហើយក្រុមគ្រួសាររបស់គាត់ ជួសជុលផ្ទះឡើងវិញ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព