កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌាបានតក់ត្រាចំនួនអ្នកជំងឺ Covid-19 ថ្មី ជាង៩០,០០០ករណី ក្នុងរយៈពេល ២៤ម៉ោង ចំនួននេះគឺខ្ពស់ជាងប្រទេសប្រេស៊ីល នាំឲ្យឥណ្ឌានេះ ក្លាយជាប្រទេសមានចំនួនករណីឆ្លងច្រើនជាងគេ ទី២ លើពិភពលោក សរុបចំនួន ៤.២០៤.៦១៣ នាក់ ។
របាយការណ៍ត្រឹមថ្ងៃទី៧ កញ្ញានេះ បង្ហាញថា ប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ៧១.៦៤២នាក់ ដែលជាចំនួនខ្ពស់បំផុត ទី៣នៅលើពិភពលោក ។ ការកើនឡើងនៃអ្នកឆ្លង ត្រូវបានរាយការណ៍ថា ភាគច្រើនមកពីរដ្ឋចំនួន៥ ។ ជាង៦០% កំពុងកើតចេញពីរដ្ឋ Andhra Pradesh, Tamil Nadu, Karnataka, Maharashtra និង Uttar Pradesh ដែលជារដ្ឋមានប្រជាជនច្រើនជាងគេ នៅឥណ្ឌា ។
ការកើនឡើង នៃអ្នកឆ្លងវីរុសនេះ បានកើតឡើងនៅពេល ដែលរដ្ឋាភិបាលឥណ្ឌា នៅតែបន្តលើកលែងការរឹតត្បិតនានា ដើម្បីព្យាយាមជំរុញសេដ្ឋកិច្ចអោយងើបឡើងវិញ ស្របពេលដែលប្រជាជនបាត់បង់ការងាររាប់លាននាក់ នៅពេលមេរោគ Covid-19 បានវាយប្រហារចាប់តាំងពីខែមីនា កន្លងមក ។
នាពេលចុងក្រោយនេះ ការឆ្លងនៅប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង ដោយឆ្លងបន្ថែមថ្មីជារៀងរាល់ថ្ងៃ ច្រើនជាង ៧៥.០០០ករណី ក្នុងរយៈពេល៧ថ្ងៃ ជាប់ៗគ្នា ។ មន្ត្រីក្រសួងសុខាភិបាល ក៏បានធ្វើតេស្តប្រចាំថ្ងៃ ធ្វើឡើងនៅទូទាំងប្រទេស បានរហូតដល់ជាងមួយលាននាក់ ផងដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព