ខេត្តកំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរថយន្តតួរីសដឹកជញ្ជូនឈើអត់ច្បាប់ប្រគល់ឲ្យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វាស់វែង និងចាត់ការតាមនីតិវិធី។ យោងតាមប្រភពបានឲ្យដឹងថា ឈើឡាំងរួចជិត២០ដុំដឹកតាមរថយន្ត តូរីស១គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបបានខណៈដែលឈ្មួញមិនស្គាល់ឈ្មោះដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវយកទៅលក់នៅរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីសមត្ថកិច្ចថានៅមុនពេលបង្ក្រាប គឺទទួលសេចក្តីរាយការណ៍មក ទើប កម្លាំងរបស់អាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ ស្ទាក់ចាប់រថយន្តសាំយ៉ុងពណ៌ទឹកមាស០១គ្រឿង ពាក់ស្លាកលេខកណ្ដាល 2A-3690 ដឹកឈើគ្មានច្បាប់អនុញ្ញាត ក្រោយបង្ក្រាប (ម្ចាស់ និងតៃកុងគេចខ្លួនបាត់ស្រមោល)។ តាមការឲ្យដឹងពីសមត្ថកិច្ចថា រថយន្តដឹកឈើខាងលើនេះ បានលើកឈើនៅក្នុងភូមិពោធិមាស ដោយមានការដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ច្រកអូរត្រាវ នៃខេត្តកំពង់ស្ពឺ មកស្តុកទុកនៅក្នុងភូមិពោធិមាស ទើបឈ្មួញយករថយន្ត មកលើកដឹកជញ្ជូនទៅលក់បន្តនៅឯរាជធានីភ្នំពេញ។
ដោយធ្វើដំណើរតាមស្ពានដែក នៅខាងលិចរង្វង់មូលមានផ្ទះរបងដែកដែលមានកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលឈរជើងនៅទីនោះជារៀងរាល់ថ្ងៃយប់តែម្តង។ មានការបង្ហើបផងដែរថា ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើបើកបរឆ្លងកាត់ ត្រូវតែបង់លុយឲ្យអស់លោកទាំងនោះ ប្រសិនបើមិនបង់ទេច្បាស់ជាត្រូវចាប់បង្ក្រាបហើយ។
ជាក់ស្តែងរថយន្តតួរីសដឹកឈើត្រូវបង្ក្រាបនេះគឺ បើកឆ្លងកាត់មុខក្រុមអស់លោក ដែលគេស្គាល់ថា ជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ជិះរថយន្តទំនើបម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-6535 បើមិនបង់គឺបង្ក្រាបហើយ។ កន្លងមកឈ្មួញតែងតែបង់លុយ ឲ្យតាមការដឹកជញ្ជូនតិច ឬច្រើន បើគ្មានលុយទេយករបស់របរបញ្ចាំទើបឲ្យបន្តដំណើរទៅមុខទៀត។ បើតាមប្រភពបានឲ្យដឹងទៀតថា បច្ចប្បន្ន ឈើ និងរថយន្តមន្ត្រីបានប្រគល់ឲ្យបរិស្ថានដែនជម្រកសត្វ ព្រៃឱរ៉ាល់ ដែលជាម្ចាស់ទឹកដីវាស់វែងរួចរាល់នៅម៉ោង១២ និង១២នាទី។
សូមរំលឹកថា កាលពីវេលាម៉ោង០១ និង១៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សា ច្រកទៀក តាមបណ្តោយផ្លូវជាតិលេខ៤៤ ខាងកើតរង្វង់មូលស្ពានដែក ក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃទី៦ កញ្ញានេះជាលទ្ធផល មន្ត្រីបរិស្ថានបានធ្វើការវាស់វែងឈើចំនួន១៧ដុំ ស្មើ១,៤២ម៉ែត្រគូបជាប្រភេទឈើចម្រុះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព