អនុប្រធាន IOC ថាកីឡាអូឡាំពិកក្រុងតូក្យូនឹងធ្វើនៅឆ្នាំក្រោយ ទោះមានឬគ្មានកូវីដ១៩
ជប៉ុន ៖ លោក John Coates អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រាប់ទីភ្នាក់អារ AFP នៅព្រឹកថ្ងៃច័ន្ទនេះ ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលបានពន្យារពេល នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ដោយមិនគិតពីការរាតត្បាតនៃវីរុសកូវីដ១៩។
គូសបញ្ជាក់ជូនថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនធ្លាប់ត្រូវបានផ្អាក ឬលុបចោលនោះទេ ក្រៅពីមានព្រឹត្តិការណ៍សង្គ្រាមនៅជុំវិញពិភពលោក។ ហើយលោក Coates បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ AFP ដោយបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នឹងចាប់ផ្តើមទៅតាមកាលបរិច្ឆេទកំណត់ ដែលត្រូវបានកែប្រែ (កាលបរិច្ឆេទថ្មី)។
បុរសសញ្ជាតិអូស្ត្រាលីវ័យ ៧០ឆ្នាំរូបនេះ បាននិយាយថា «ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅដោយមាន ឬគ្មានកូវីដ ។ ហើយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំក្រោយ។ ហើយវានឹងក្លាយជាព្រឹត្តិការណ៍កីឡា ដែលដណ្តើមយកឈ្នះលើកូវីដ ដែលជាពន្លឺនៅចុងបញ្ចប់នៃរូងក្រោមដី»។
បើទោះជាមានការលើកបែបនេះ ពីសំណាក់អនុប្រធាន IOC យ៉ាងនេះក្តី ប៉ុន្តែប្រទេសជប៉ុននៅតែត្រូវបានបិទទ្វារយ៉ាងទូលំទូលាយ សម្រាប់ភ្ញៀវទេសចរបរទេស ដែលធ្វើឱ្យមានការចោទសួរថា តើព្រឹត្តិការណ៍កីឡានេះអាចបន្តទៅរួចដែរឬទេ? ខណៈដែលមន្ត្រីជំនាញរបស់ជប៉ុន ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនបន្តពន្យារពេលសម្រាប់ព្រឹត្តិការណ៍នេះ ជាលើកទី២ ឲ្យលើសពីឆ្នាំ ២០២១ ឡើយ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព