ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ លោក លៀម សុដា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពន្លឿនការចុះបញ្ជីដីរដ្ឋតាមមន្ទីរ អង្គភាព ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុកបានចូលរួមផងដែរ ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា ដោយសារកន្លងមក មន្ទីរ អង្គភាពរដ្ឋមួយចំនួនធំមិន ទាន់បានធ្វើការចុះបញ្ជីដីរដ្ឋ បង្ករជាវិវាទដីធ្លីជាបន្តបន្ទាប់ ហើយដើម្បីបញ្ចៀសបាននូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្តឲ្យបានឆាប់កាន់តែល្អរប្រសើរ ។លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋ ឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ក្នងនោះត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ដូចជា÷ ១-មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា , ២-តើការចុះបញ្ជីដីរដ្ឋបានប៉ុន្មាន កន្លែងដោយបញ្ជាក់ពីទំហំ ច្បាស់លាស់ និង៣-តើនៅសល់ដីប៉ុន្មានកន្លែងដែលមិនទាន់បានចុះបញ្ជី ។លោកអភិបាលរងខេត្តបានបន្តថា ចំពោះមន្ទីរ អង្គភាពណាមានបណ្តឹងជំទាស់មានទំហំប៉ុន្មាន ត្រូវបំពេញសំណុំឯកសារឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយើងពន្លឿនការចុះបញ្ជីដីរដ្ឋនៅក្នុងខេត្តព្រះសីហនុ បញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដើម្បីចៀសវាងបាតុភាព( កន្ទេលធំ បន្លំដេក)។ ម្យ៉ាងទៀតនិតិវិធីនៃការចុះ បញ្ជីដីរដ្ឋនៅតាមក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ តាមរយៈច្រក ចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត ដើម្បីកាត់បន្ថយទំនាស់ដីធ្លី ៕ ត្នោត